ភ្នំពេញ ៖ បុរសម្នាក់ឮសំឡេងប្តីប្រពន្ធឈ្លោះប្រកែកគ្នា ស្មានតែបុរសជាប្តីវាយប្រពន្ធ បានចូលទៅវាយបុរសជាប្តីបែកចិញ្ចើម ទើបដឹងថា ប្តីប្រពន្ធរបស់គេគ្រាន់តែឈ្លោះប្រកែកគ្នា មិនមានអំពើហិង្សានោះទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចសំណង់មិនរៀបរយ តាមផ្លូវ៤៣៤ ស្ថិតនៅភូមិផ្អេរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ផេះ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិផ្អេរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានជួបជុំក្រុមគ្រួសារផឹកស៊ីចាក់ធុងបាស់រាំលេងកំសាន្ត ស្រវឹងទាស់ពាក្យសម្តីជាមួយប្រពន្ធគាត់ ស្រាប់តែបុរសរស់នៅជិតខាងមិនដឹងមូលហេតុអ្វីយកដុំថ្មមកវាយចំចិញ្ចើមខាងឆ្វេងបណ្ដាលឲ្យហូរឈាម ភ្លាមៗនោះឃាត់ជនបង្កហិង្សា រួចទូរស័ព្ទប្ដឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនយកទៅអប់រំណែនាំ ហើយរូបគាត់មិនចង់ប្ដឹងផ្ដល់ដាក់ទោសទណ្ឌទេ នឹកឃើញថារាប់អានគ្នា និងជាអ្នកជិតខាងយូរឆ្នាំហើយ គ្រាន់តែចង់ឲ្យជនបង្កទទួលកំហុស និងចេញថ្លៃព្យាបាលរបួស ទើបសុខចិត្តបញ្ចប់រឿងតែប៉ុណ្ណោះ។

ចំណែកជនបង្កហិង្សាមានឈ្មោះ ឆាន់ សុដាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់ឮសូរប្ដីប្រពន្ធផឹកស៊ីរាំធុងបាស់ ហើយបុរសជាប្ដីរកវ៉ៃប្រពន្ធ ធ្វើឲ្យគាត់ទ្រាំមិនបានរើសដុំថ្មយកទៅវាយទៅលើបុរសជាប្ដី បណ្ដាលឲ្យបែកចិញ្ចើមខាងឆ្វេង ទើបដឹងថា ការពិតប្ដីប្រពន្ធគេមិនបានវ៉ៃគ្នាទេ គ្រាន់តែឈ្លោះប្រកែកគ្នាប៉ុណ្ណោះ ប៉ុន្តែជ្រុលហួសទៅហើយ ទើបក្រុមគ្រួសារគេប្ដឹងសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង ហើយខ្លួនបានប្រាប់ទៅជនរងគ្រោះ និងចេញថ្លៃព្យាបាលផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការសម្របសម្រួល យោងតាមបុរសរងគ្រោះមិនប្ដឹងផ្ដល់គ្រាន់តែសុំឲ្យជនបង្កសុំទោស និងចេញថ្លៃព្យាបាលរបួស រួចបញ្ចប់រឿងធ្វើកិច្ចសន្យារៀងខ្លួន ឈប់រករឿងគ្នាទៅវិញទៅមកទាំងភាគីសងខាង៕