ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយសម្រាកពីការងារយកពេលទំនេរ រាយខ្សែភ្លើងយកទៅឆក់ត្រីនៅវាលស្រែ បែរភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវាលស្រែជាប់ការដ្ឋានសំណង់ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ចាប សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់កន្លែងកើតហេតុ មានស្រុកកំណើតភូមិ ភ្នំបាទេព ឃុំព្រែកទាល់ ស្រុកអង្គរបុរី ខេត្តតាកែវ មានប្រពន្ធឈ្មោះ មាស គ្រឿន អាយុ៤០ឆ្នាំ មុខរបរកសិករ មានកូនចំនួន៣នាក់ (ប្រុស១នាក់ ស្រី២នាក់) រស់នៅស្រុកកំណើត ។
តាមសាក្សីឈ្មោះ នួន វិន ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាបងប្អូនជីដូនមួយជាមួយសាកសព ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលថ្ងៃទំនេរពីការងារ នៅវេលាម៉ោងខាងលើ ជនរងគ្រោះតរាយខ្សែភ្លើងម្នាក់ឯង យកទៅឆក់ត្រីក្នុងស្រែ ជាប់ការដ្ឋាន ហើយខណៈដែលជនរងគ្រោះដោតឌុយភ្លើង ហើយកាន់រង្វេលខ្សែភ្លើង ដើម្បីអូសបន្លាយខ្សែយកទៅក្នុងស្រែ មិនទាន់ទាំងបានឆក់ត្រីផង ស្រាប់តែប៉ះចំមុខតំណខ្សែ ទើបបណ្តាលឲ្យឆក់ដួលក្នុងទឹកស្រែ ឃើញដូច្នោះ លោកក៏រត់ទៅដកផ្តាច់ខ្សែចរន្ត ហើយរត់ចុះទៅជួយស្រែកហៅគេឯងជួយ លើកយកជនរងគ្រោះកប់ដីខ្សាច់បំណងជួយសង្រ្គោះជាបឋមសិន តែហួសពេលទៅហើយ ជនរងគ្រោះស្លាប់បាត់ជីវិត ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យមើល ។
សាកសពក្រោយពីនគរបាលជំនាញចុះមកពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថា ដោយសារធ្វេសប្រហែសដោយខ្លួនឯង ទើបបណ្តាលឲ្យឆក់ចរន្តភ្លើង ក្នុងបំណងឆក់ត្រីស្លាប់ដោយខ្លួនឯង រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕