ភ្នំពេញ ៖ យុវជនបីនាក់ជិះម៉ូតូចុះពីស្ពានអាកាសស្ទឹងមានជ័យ លឿនពេកដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យអ្នកអង្គុយខាងក្រោយ ម្នាក់ហោះផ្លោងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់កស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ត្រើយខាងជើង ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សោង បុប្ផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅ ភូមិឡាំដាំ ស្រុកកោះក្រពិ ខេត្តកោះកុង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនបីនាក់ មិនដឹងថា មានគោលបំណងទៅណានោះទេ គឺបានជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ បិតស្កុតពណ៌ស ពាក់ស្លាកលេខតាកែវ 1N-9537 បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន លុះពេលចុះពីលើស្ពានវិញ ដែលជាកន្លែងផ្លូវកោង ហើយអ្នកបើកម៉ូតូមិនបានបន្ថយល្បឿនម៉ូតូនោះទេ ធ្វើឲ្យម៉ូតូជ្រុលទៅបុកនឹងខឿនចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យអ្នកអង្គុយខាងក្រោយហោះផ្លោងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បោកក្បាលបាក់កស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល បានគេចខ្លួនបាត់ រីឯអ្នកអង្គុយកណ្ដាលរងរបួសបាក់ភ្លៅខាងឆ្វេង រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់។ ដោយឡែកម៉ូតូវិញរងការខូចខាត ក្រឡិតថ្នាំបន្តិចបន្តួចតែប៉ុណ្ណោះ ។
បើតាមសម្តីរបស់មិត្តភក្តិដែលស្គាល់ជនរងគ្រោះវិញ បានឲ្យដឹងថា ជនរងគ្រោះទើបតែចេញមកពីកម្មវីធីខួបកំណើតនៅកោះពេជ្រ ដោយបានខ្ចីម៉ូតូរបស់មិត្តភក្តិគេម្នាក់ទៀត រួចហើយគោលបំណងដើរលេងបន្តទៀត តែមិននឹកស្មានថា ជួបរឿងបែបនេះសោះ។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចជំនាញ និងមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រួចហើយបានធ្វើកំណត់ហេតុឲ្យរថយន្តដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាខណ្ឌមានជ័យ ដើម្បីប្រគល់អោយសាច់ញាតិរបស់ជនរងគ្រោះវិញ ៕