ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកប្រពន្ធនិងកូនតូច២នាក់ កៀររថយន្តស៊េរីទំនើបមួយគ្រឿង ទាមទារឲ្យរថយន្តទំនើបសងសំណង ខណៈពេលឃើញអ្នកយកព័ត៌មានទៅថតយករូបភាព ហាមមិនឲ្យថត ហើយខឹងសម្បាជេរប្រមាថ និងរកវាយអ្នកយកព័ត៌មានទៀត ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចមុខផ្សារទំនើបឡាក់គី ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគឿង ស៊េរីទំនើប មិនស្គាល់ម៉ាក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-1939 បើកបរដោយស្ត្រីម្នាក់តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុមុខផ្សារទំនើបឡាក់គី ស្រាប់តែមានបុរសម្នាក់ដឹកប្រពន្ធនិងកូនតូច២នាក់ ជិះរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-2865 បើកបរស្របទិសគ្នាល្បឿនលឿនបត់ស្តាំកាត់មុខរថយន្តស៊េរីទំនើប មិនបានប្រយ័ត្ន បណ្តាលឲ្យកៀរចំក្បាលរថយន្តស៊េរីទំនើប រងការខូចខាតបន្តិចបន្តួច រីឯរថយន្តបង្កម៉ាកកាមរីវិញ ក្រពិតគូទក្រោយចំហៀងខាងស្តាំ ម្ចាស់រថយន្តស៊េរីទំនើបមិនចង់រករឿងអីផង បែរជាម្ចាស់រថយន្តកាមរីបាឡែន ចង់ឲ្យសងសំណងទៅវិញ ភ្លាមៗនោះដែរ មានអ្នកយកពត៌មានទូរទស្សន៍ហង្សមាស បានទៅថតយករូបភាពគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែម្ចាស់រថយន្តកាមរីបាឡែន ជេរប្រមាថហើយចង់វ៉ៃអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស ទៀត ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងសុខចិត្តយករថយន្តយកទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនបញ្ចប់រឿង៕