ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿងដូចហោះមកដល់ផ្លូវបំបែក បត់មិនទាន់ក៏ជ្រុលចង្កូតទៅបុករនាំងស័ង្កសី ដែលគេដាក់បាំងការដ្ឋានសំណង់របស់ក្រុម SCG បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខស្ថានីយបូមទឹកត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក ម៉ាក Mercedez ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២P-២១៨៥ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ វ័យ៣០ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវ៣១៧ ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿនដូចហោះ ។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែក រថយន្តបង្កបម្រុងបត់ឆ្វេងទៅផ្លូវ៥៩៨ តែបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករនាំងស័ង្កសី ដែលគេដាក់បាំងការដ្ឋានសំណង់របស់ក្រុមហ៊ុន SCG បណ្តាលឲ្យបាក់ខូចខាតទាំងស្រុង ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ៕