Friday, September 26, 2025
Homeព័ត៌មានជាតិក្មេងស្ទាវមានគ្នាជាង២០នាក់ ដេញវាយយុវជន៤នាក់ ផ្ទុះអាវុធ៤គ្រាប់ សង្ស័យគំនុំ

ក្មេងស្ទាវមានគ្នាជាង២០នាក់ ដេញវាយយុវជន៤នាក់ ផ្ទុះអាវុធ៤គ្រាប់ សង្ស័យគំនុំ

ភ្នំពេញ ៖ ​ក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ទៅដោយដាវសាំម៉ូរៃ និងកាំភ្លើងខ្លីមួយដើម ដេញកាប់និងបាញ់យុវជន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ និងមួយគ្រឿងទៀត ម៉ាកស៊ុយសុគីនិចពណ៌ស រហូតផ្ទុះអាវុធចំនួន៤គ្រាប់ សំណាងល្អមិនមានអ្នករងរបួស ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចជិតស្តុបពេទ្យចិន ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់​ ជិះម៉ូតូជិត១០គ្រឿង មិនចាំម៉ាក ប្រដាប់ទៅដោយដាវសាំម៉ូរៃនិងកាំភ្លើងខ្លី បាន​ដេញកាប់យុវជន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មិនចាំស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកស៊ុយសុគីនិច ពណ៌ស មិនចាំស្លាកលេខ ។ ចំពោះការដេញវាយគ្នានេះ មិនដឹងថាមានគំនុំគ្នាតាំងពីណានោះទេ បានជាដេញកាប់យុវជន៤នាក់នោះ រហូតឈានទៅដល់​ផ្ទុះអាវុធចំនួន៤គ្រាប់ឡើងលើ តែសំណាងល្អ​មិនមានរងរបួសដល់នរណាម្នាក់ទេ គ្រាន់តែខូចខាតហុងដាឌ្រីមបែកក្បាំង។ ភ្លាមៗនោះដែរជនបង្កទាំងអស់បានរត់គេចខ្លួនបាត់​ ចំណែកសមត្ថកិច្ចក៏បានមកកន្លែងកើតដើម្បីពិនិត្យរកសំបកកាទុស្សេ តែរកមិនឃើញ ​មានបុរសម្នាក់​បានរើសសំបកកាទុស្សបានមួយគ្រាប់​នៅជិតកន្លែងកើតហេតុ យកទៅប្រគល់ឲ្យសមត្ថកិច្ច រួចក៏ចេញទៅបាត់ទៅ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យនោះទេ បានបណ្តើរម៉ូតូចេញទៅបាត់ ៕

RELATED ARTICLES