ភ្នំពេញ ៖ ប្រពន្ធឈឺពោះសម្រាលកូន ត្រូវបានប្តីដឹកតាមម៉ូតូទៅមន្ទីរពេទ្យ មកដល់ពាក់កណ្តាលផ្លូវ បានឈឺពោះសម្រាលកូននៅមុខផ្ទះឯកឧត្តមចម ប្រសិទ្ធ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។
ស្រ្តីសម្រាលកូនតាមផ្លូវមានឈ្មោះ លន់ ផល្លា អាយុ៣៧ឆ្នាំ មុខរបរចាំដីឲ្យគេនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះសយ សៀន អាយុ៥១ឆ្នាំ មុខរបរចាំដីឲ្យគេ រស់នៅជាមួយគ្នា មានស្រុកំណើតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
តាមសម្តីស្រ្តីសម្រាលកូនតាមផ្លូវបានឲ្យដឹងថា គាត់មានកូន៤នាក់ហើយ ដែលកូនស្រីច្បង អាយុ១១ឆ្នាំហើយ និងបានពពោះកូនទី៥ ប៉ុន្តែគាត់មិនដឹងថា គ្រប់ខែត្រូវសម្រាលកូននៅ ថ្ងៃណាទេ នៅយប់កើតហេតុ ខណៈពេលដែលគាត់កំពុងដេកលង់លង់ដល់រំលងអធ្រាត្រម៉ោង២គាត់មានអាការៈឈឺពោះ ដឹងខ្លួនមិនស្រួល ក៏បានឲ្យប្តីខ្ចីម៉ូតូម្ចាស់ដីមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ឌុបទៅសម្រាលកូននៅមន្ទីរពេទ្យ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែប្តីគាត់និងគាត់មិនសូវស្គាល់មន្ទីរពេទ្យច្បាស់ផង ខណៈពេលប្តីជិះម៉ូតូឌុបគាត់កាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង មកដល់ចំណុចមុខផ្ទះឯកឧត្តមចម ប្រសិទ្ធ គាត់អាការៈកាន់តែចុកសៀតពោះ ទៅមុខលែងរួច ក៏ឲ្យប្តីឈប់ម៉ូតូចុះពីលើម៉ូតូ ស្រាប់តែបែកទឹកភ្លោះសម្រាលកូនតែម្តង គឺកើតបានទារិកាម្នាក់។
បុរសជាប្តីបានឲ្យដឹងថា ពេលដែលប្រពន្ធគាត់សម្រាលកូនបានភ្លាមៗ គាត់បានឈរសំពះ ស្រែកហៅរ៉ឺម៉កម៉ូតូ និងរថយន្តដែលធ្វើដំណើរឆ្លងកាត់ឲ្យជួយដឹកប្រពន្ធរបស់គាត់ទៅកាន់មន្ទីរពេទ្យផង តែមិនមានអ្នកណាឈប់ជួយទេ ទាល់តែសមត្ថកិច្ចល្បាតប្រទះឃើញបានទាក់ទងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
បុរសជាប្តីបានឲ្យដឹងទៀតថា គាត់ពីរនាក់ប្តីប្រពន្ធចាំដីឲ្យគេបានប្រាក់ខែ១ខែ ១៥០ដុល្លារ និងអង្ករ១បាវ ។ នៅពេលប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ គាត់សន្សំបានប្រាក់៣០ម៉ឺនរៀល ទុកសម្រាប់សម្រាលកូន ពេលដែលប្រពន្ធឈឺពោះខ្លាំងពេក ប្រញាប់ប្រញាប់ មិនដឹងថា ជ្រុះកាបូបលុយបាត់នៅកន្លែងណាទេ បាត់លុយអស់រលីង៕