ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកក្មេងប្រុសអាយុ២ឆ្នាំ ពេលកំពុងរត់លេងនៅមុខផ្ទះ ហើយក៏ត្រូវស្រ្តីជាម្ដាយឃើញទាន់ ស្រែកផ្អើលឆោឡា ត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១២៩I តាមផ្លូវសុធារស ក្រុម៤៩ ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះស្រ្តីជាម្ដាយមានឈ្មោះ ថាំង កង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតស្ទោង ខេត្តកំពង់ធំ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់កំពុងធ្វើការងារក្នុងផ្ទះ ហើយកូនប្រុសគាត់អាយុ២ឆ្នាំ រត់លេងនៅមុខផ្ទះ ក៏ឮសំឡេងកូនប្រុសគាត់យំ គាត់ក៏ស្ទុះចេញពីក្នុងផ្ទះ សួរកូនប្រុសយំរឿងអី ហើយកូនប្រុសនិយាយមិនសូវច្បាស់ថា បាត់ខ្សែក និងដៃកូនគាត់ចង្អុលក រួចក្រឡេកឃើញបុរសម្នាក់រត់យ៉ាងលឿន ទើបស្រែកឲ្យប្រជាពលរដ្ឋនៅជិតខាងជួយឃាត់ ប្រហែលជាបាន១០០ម៉ែត្ រក៏ឃាត់បាន ហើយឃើញខ្សែកកូនប្រុសនៅក្បែរខ្លួនជនសង្ស័យ ទើបដឹងថា បុរសជនសង្ស័យបានឆក់ខ្សែកប្រុស ហើយប្រជាពលរដ្ឋទ្រាំមិនបានវាយមួយដៃមួយជើងបណ្ដាលឲ្យបែកមាត់ក្រោយមកប្ដឹងសមត្ថកិច្ចឲ្យមកយកដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យមានឈ្មោះ តាំង យិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា ខ្លួនបានដើរតាមផ្លូវហើយក៏ឃើញក្មេងប្រុសតូចម្នាក់មានពាក់ខ្សែកដើរតាមផ្លូវ ដោយមិនមានឪពុកម្ដាយនៅជិត ក៏ឆ្លៀតអាកាសឆក់ខ្សែក ហើយរត់គេចខ្លួន តែត្រូវស្រ្តីជាម្ដាយក្មេងប្រុសស្រែក ទើបប្រជាពលរដ្ឋឃាត់បានចោមរោមវ៉ៃតែម្ដង បណ្ដាលឲ្យរបួសបែកមាត់ ក្រោយមកសមត្ថកិច្ចចុះមកដល់នាំខ្លួនមកប៉ុស្តិ៍តែម្ដង។
សមត្ថកិច្ចបានប្រាប់ថា ដោយមុនកើតហេតុបុរសជនសង្ស័យបានដើរតាមផ្លូវ លុះក៏បានក្មេងប្រុសម្នាក់រត់លេងនៅមុខផ្ទះ មានពាក់ខ្សែកផ្លាទីន ចំនួន១ខ្សែ ក៏ឆ្លៀតអាកាសឆក់ខ្សែក ហើយព្យាយាមរត់គេច តែត្រូវប្រជាពលរដ្ឋស្រែកផ្អើលដេញឃាត់បាន ថែមម្នាក់មួយជើង បណ្ដាលឲ្យបែកមាត់ជនសង្ស័យ ហើយសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ប្រជាពលរដ្ឋ រួចនាំជនសង្ស័យ និងខ្សែករបស់ជនរងគ្រោះ មកសាកសួរនាំ ហើយពេលមកដល់ប៉ុស្តិ៍ ក៏ធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញដែកចុងស្រួច (ឧបករណ៍សម្រាប់កាច់កម៉ូតូ) និងកូនសោលេខ៨ចំនួនមួយ និងកូនសោសម្រាប់ចាក់ម៉ូតូជារបស់ជនសង្ស័យ ហើយបុរសជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ខ្សែកក្មេងប្រុសអាយុ២ឆ្នាំពិតប្រាកដមែន ហើយក៏បានធ្វើសកម្មភាពលួចកាច់សោម៉ូតូក្នុងសង្កាត់ទន្លេបាសាក់២លើកដែរ តែមិនចាំថ្ងៃខែ និងបានលក់យកលុយជក់ថ្នាំនិងលេងហ្គេមបាញ់ត្រីអស់ហើយ រួចក៏ធ្វើការដកហូតវត្ថុតាងដែកចុងស្រួច និងកូនសោទីបលេខ០៨សម្រាប់កាច់សោម៉ូតូ និងកូនសោសម្រាប់ចាក់ម៉ូតូនិងខ្សែកផ្លាទីន ទំងន់២ជី របស់ក្មេងប្រុសអាយុ២ឆ្នាំ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕