Friday, September 26, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូមិត្តភក្តិទៅទិញម្ជូរ យកទៅបាត់៤ថ្ងៃ ម្ចាស់ប្រទះឃើញស្រែកចោរ ប្រជាពលរដ្ឋដេញវាយបែកក្បាល

ខ្ចីម៉ូតូមិត្តភក្តិទៅទិញម្ជូរ យកទៅបាត់៤ថ្ងៃ ម្ចាស់ប្រទះឃើញស្រែកចោរ ប្រជាពលរដ្ឋដេញវាយបែកក្បាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិស្គាល់គ្នាជិះទៅរកទិញម្ជូរ ផ្ទុយទៅវិញបែរជាយកទៅលក់បាត់ បានលុយ១០០ដុល្លារ រួចគេចខ្លួនបាត់ អស់រយៈពេល៤ខែ ម្ចាស់ម៉ូតូបានប្រទះឃើញមុខ បានស្រែកចោរផ្អើលពលរដ្ឋចេញមកស្វាគមន៍មួយដៃមួយជើង បែកក្បាលហូរឈាមជោគ រួចប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារវីនមុីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឆបោកខាងលើមានឈ្មោះ  អ៊ូច យ៉ុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតខេត្តបាត់ដំបង ។

 

ចំណែកម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាកហុងដាប៊ិច សេ១១០ ស៊េរីឆ្នាំ២០១២  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-4597 ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណូត ថៃ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពី៤ខែមុន ជនសង្ស័យធ្វើការងារជាជាងប៉ះកង់ឡាននៅកន្លែងយានដ្ឋានជាមួយគ្នា នៅផ្លូវវ៉េងស្រេង នៅថ្ងៃកើតហេតុ កាលពី៤ខែកន្លងទៅ ជនសង្ស័យប្រើល្បិចខ្ចីម៉ូតូ ប្រាប់ថា ទៅរកទិញម្ជូរហូប តែផ្ទុយទៅវិញ យកទៅបាត់រហូតមិនឃើញ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ រួចហើយដែរ ។

ប្រភពបន្តទៀតថា ដោយមិននឹកស្មានថារកជនសង្ស័យឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ មិត្តភក្តិរួមការងាររត់មកប្រាប់ ប្រទះឃើញមុខជនសង្ស័យនៅក្បែររបងសួនកាណាឌីយ៉ា ទើបនាំគ្នារត់ទៅឃើញជនសង្ស័យបម្រុងរត់គេច រួចស្រែកចោរ ផ្អើលប្រជាពលរដ្ឋព័ទ្ធចាប់ស្វាគមន៍វាយបែកក្បាលហូរឈាមជោគ រួចប្រគល់ឲ្យប៉ូលិសយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូខ្លួនយកទៅលក់បានលុយ១០០ដុល្លារ ហើយគេចខ្លួនទៅសម្ងំលាក់ខ្លួននៅឯខេត្តបាត់ដំបង អស់រយៈពេល៤ខែកន្លងមកហើយ ទើបតែថ្ងៃទី២៨ ខែកញ្ញានេះ វិលមកធ្វើជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ហើយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ធ្វើដំណើរមកក្បែរសួនកាណាឌីយ៉ា ម្ចាស់ម៉ូតូឃើញមុខ ស្រែកចាប់ខ្លួនតែម្តង ។

ម្ចាស់ម៉ូតូ

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES