Friday, September 26, 2025
Homeព័ត៌មានជាតិមកពីផឹកស្រាស្រវឹងជេរបញ្ចោរប្រពន្ធ ប្រពន្ធតបវិញ ប្តីកំណាចយកដងរែកវាយរលូតកូន

មកពីផឹកស្រាស្រវឹងជេរបញ្ចោរប្រពន្ធ ប្រពន្ធតបវិញ ប្តីកំណាចយកដងរែកវាយរលូតកូន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានចេញទៅជួបជុំបនភឿនផឹកស៊ីសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែកត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងថែមទាំងបានស្ទុះទៅទាញដងរែកមកវាយសំពងប្រពន្ធដែលកំពុងមានផ្ទៃពោះ៣ខែ បណ្តាលឱ្យរងរបួសជាំសុសខ្លួន ព្រមទាំងរលូតកូនបាត់ទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះវ៉ៃខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីកំណាចវ៉ៃប្រពន្ធពោះធំ រហូតដល់រលូតកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិអណ្តូងច្រុះ ឃុំត្រាចទង ស្រុកឧដុង្គ។

ប្តីកំណាច ម៉ាន់ ម៉េត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បុរសជាប្តីកំណាចដែលវាយប្រពន្ធឱ្យរលូតកូននោះ មានឈ្មោះម៉ាន់ ម៉េត អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះប៊ូ សុខគីម អាយុ៣៦ឆ្នាំ មុខរបរកសិករ កំពុងមានផ្ទៃពោះ៣ខែ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ជនបង្កហេតុជាប្តីនេះ គឺជាមនុស្សចូលចិត្តដើរផឹកស្រាស្រវឹងធ្លាក់ភ្នែកមិនលស់ថ្ងៃឡើយ ចំណែកការងារស្រែភ្លឺអ្វី មិនខ្ចីរវល់សោះឡើយ ហើយឱ្យតែផឹកស្រាស្រវឹង ដឹងតែរករឿងឈ្លោះប្រកែក វាយដំប្រពន្ធមិនស្វាង សូម្បីតែដឹងថាប្រពន្ធកំពុងមានផ្ទៃពោះ ក៏ប្តីកំណាចនេះនៅតែវាយដំប្រពន្ធដោយគ្មានប្រណីដៃបន្តិចសោះឡើយ  ទីបំផុត ក៏ជ្រុលដៃវ៉ៃប្រពន្ធរហូតដល់រលូតកូន ចំណែកខ្លួនឯងត្រូវប៉ូលិសចាប់វ៉ៃខ្នោះយកទៅចាត់ការតាមច្បាប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្តីបានចេញទៅផឹកស្រាជាមួយមិត្តភក្តិរបស់ខ្លួន តាំងពីថ្ងៃរសៀល រហូតដល់ល្ងាចស្រវឹងជោក ទើបត្រឡប់ចូលផ្ទះវិញ។ គ្រាន់តែមកដល់ផ្ទះភ្លាម ជនសង្ស័យរូបនេះ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជេរបញ្ចោរប្រពន្ធ ដោយគ្មានសំចៃមាត់ លុះប្រពន្ធខឹងក៏តបតទៅប្តីវិញ២-៣ម៉ាត់ ស្រាប់តែប្តីកំណាចផ្ទុះកំហឹងក៏ស្ទុះទៅទាញដងរែក មកវាយសំពងប្រពន្ធដោយគ្មានប្រណីដៃ ដោយមិនគិតខ្វល់ថា ប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះអ្វីឡើយ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធទទួលរងរបួសជាំពេញខ្លួន ព្រមទាំងរលូតកូនទៀតផង។

នាងប៊ូ សុខគីម បង្ហាញស្នាមរបួសជាំខ្លួនដោយសារប្តីវាយ

ក្រោយពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល គ្រូពេទ្យមានលទ្ធភាព ត្រឹមសង្គ្រោះស្ត្រីជាម្តាយប៉ុណ្ណោះ ចំណែកកូននៅក្នុងផ្ទៃដែលទើបនឹងមានអាយុកាល៣ខែវិញ មិនអាចស្រោចស្រង់បានឡើយ។

ដោយឡែក ជនដៃដល់ចិត្តកំណាចជាប្តី ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានជ្រុលដៃវ៉ៃប្រពន្ធ បណ្តាលឱ្យរលូតកូនមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ហើយពេលនេះ រូបគេក៏មានវិប្បដិសារៈខ្លាំងណាស់ដែរ។

យ៉ាងណា ជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES