ភ្នំពេញ ៖ ជនសង្ស័យម្នាក់អត់មានលុយទិញថ្នាំញៀនជក់ បានចូលទៅចាប់ចងដៃចងជើងភ្ជង់ប្លន់កម្មការិនីកាត់ដេរម្នាក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះដាង ឈុនណារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្លក់ជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ជនរងគ្រោះមានឈ្មោះ ហាក់
គឹមភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាក់ស្រី ឃុំកូល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
បើតាមប្រភព័ព៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាងនៅបន្ទប់ម្នាក់ឯងនៅជាន់ទី៤ ដោយឃើញជនសង្ស័យដើរក្រវែលចុះឡើង ហើយពួននៅមាត់ទ្វារបន្ទាប់មកនាងបានទៅបិទទ្វារ ស្រាប់តែជនសង្ស័យខាងលើចូលមកភ្លាមៗផងដែរ ហើយបានចាប់នាងជិះពីលើរួចយកខ្សែស្បែកជើងចងដៃចងជើង ភ្លាមៗនោះនាងស្រែកឲ្យអ្នកជិតខាងជួយ តែជនសង្ស័យបានយកកំបិតជំពុះទង់មកភ្ជង់អារក ដោយគំរាមថា នៅឲ្យស្ងៀម កុំស្រែក ប្រយ័ត្នអញអារកសម្លាប់ចោល ។ ពេលនោះនាងបានសួរថា តើគាត់ចង់បានអី បន្ទាប់មកជនសង្ស័យឆ្លើយថា ចង់បានអីតិចតួច តែមិនទាន់ឆ្លើយអស់ផងស្រាប់តែឃើញនារីត្រូវជាប្អូនជីដូនមួយឡើងមក ជនសង្ស័យបានចុះទៅវិញភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាប្អូនជីនមួយ ឈ្មោះ អ៊ឹម គន្ធា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ក្រោមភូមិកើតហេតុខាងលើ បាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានឮសូរសំឡេងបងស្រីជីដូនមួយស្រែកថា ជួយផងចោរចាប់ខ្ញុំ!!! ហើយបន្ទាប់មកគាត់បានឡើងទៅមើល តែមិនទាន់ទៅដល់បន្ទប់ផង ដោយដឹងថា ចោរនៅក្នុងបន្ទប់បងស្រី នាងបានចុះទៅហៅឲ្យគេមកជួយ ហើយបន្ទាប់មកទៀត ស្រាប់តែឃើញជនសង្ស័យដើរចុះមក ហើយជនសង្ស័យខាងលើបាននិយាយថា មានអ្នកខ្យល់គនៅខាងលើ ។ ពេលទៅដល់បន្ទប់បងស្រី ឃើញបងស្រីត្រូវជាប់ចំណងចងមកខាងមុខចំណែកជនសង្ស័យវិញ បានចុះហើយរត់បានបន្តិច ត្រូវប្រជាពលរដ្ឋឃាត់បានភ្លាមៗផងដែរប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុសិ៍្តនគរបាលចោមចៅ ។
ជនសង្ស័យបានសារភាពថា រូបគាត់បានចូលទៅប្លន់នារីខាងលើពិតមែន ដោយសារតែមិនមានលុយទិញថ្នាំជក់។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕