Friday, September 26, 2025
Homeព័ត៌មានជាតិស្រីម្នាក់បើកឡានបុកម៉ូតូអូសជាង១គីឡូ រងរបួសធ្ងន់ ប្រជាពលរដ្ឋដេញចាប់បាន គិតតែពីស្រែកទ្រហ៊ោយំ

ស្រីម្នាក់បើកឡានបុកម៉ូតូអូសជាង១គីឡូ រងរបួសធ្ងន់ ប្រជាពលរដ្ឋដេញចាប់បាន គិតតែពីស្រែកទ្រហ៊ោយំ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្រ្តីវ័យក្មេងស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តម៉ាកព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿងទៀត ចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តតាំងពីមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្តោយផ្លូវ២៨១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយ​រថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយនោះទេ គឺព្យាយាម បើករត់គេចខ្លួនទាំងកៀបជាប់ម៉ូតូក្រោមរថយន្ត រហូតទៅដល់​មុខហាងនំបុ័ងបាយ័ន ​ទើបរថយន្តបើកទៅមុខលែងរួច ក៏ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់តែម្តង។

រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AG-២៩៩១ ដែលបើកបរដោយស្រ្តីវ័យក្មេងម្នាក់ អាយុជាង២០ឆ្នាំ ចំណែកឯម៉ូតូរងគ្រោះម៉ាក ហុងដាវ៉េវ ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ ១BT-៧៨៣៥ បើកបរដោយបុរសម្នាក់មានឈ្មោះ ប៉ាល ចយ អាយុ៦០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះ​ទើបតែដឹកបន្លែចេញមកពីផ្សារដើមគ ហើយបំណងដឹកយកទៅឲ្យម៉ូយនៅម្តុំផ្សារសាលាក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក​បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដូចហោះ​ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោយរថយន្ត រីឯបុរសដែលជាអ្នកបើក​ម៉ូតូរងរបួសបាក់ដងកាំបិតខាងស្តាំនិងបែកក្បាល ភ្លាមៗនោះអ្នកបើករថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចទាំងកៀបម៉ូតូជាប់នៅពីក្រោមរថយន្តអូសរហូតប្រមាណ១គីឡូម៉ែត្រ ទៅដល់មុខហាងនំបុ័ង​ ទើបរថយន្តបង្កបើកទៅមុខលែងរួច ក៏ត្រូវប្រជាពលរដ្ឋ​​ឃើញហេតុការណ៍បានធ្វើការស្ទាក់ឃាត់រថយន្ត​បានហើយ ទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកធ្វើការអន្តរាគមន៍ ។

បន្ទាប់ពីកើតហេតុភ្លាមៗ មានស្រ្តីម្នាក់ស្លៀកពាក់ជាមនុស្សប្រុសចុះទៅជួយអន្តរាគមន៍បានចុះទៅឈរជិតរថយន្ត ហើយស្រ្តីជាអ្នកបើករថយន្តបង្កភ័យពេក គិតតែពីស្រែកយំឱបស្រ្តី នោះឲ្យជួយផង។

ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកហុងហាក់ ដោយឡែកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES