ភ្នំពេញ ៖ បុរសម្នាក់ចេញមកពីកោះពេជ្រ ស្រវឹងស្រាជោគជាំ បើករថយន្តក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសទិសដៅចរាចរណ៍ ទៅបុករថយន្តកាមរីបាឡែន រួចបន្តទៅបុកម៉ូតូស្មាសវីនិងបុកតុបាក់អស់៤ រងរបួសស្រាលក្មេងតូច៣នាក់ និងមនុស្សស្រីម្នាក់មានផ្ទៃពោះ៦ខែម្នាក់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចហាងស៊ុបគោ អ៊ីណា នៅម្តុំផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុជាង៣០ឆ្នាំ ក្នុងស្ថានភាពស្រវឹងបានបើករថយន្តបង្ក ម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-4688 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបើកបញ្ច្រាសទិសដៅចរាចរណ៍រេចង្កូតទៅបុកបង្គោលតឿដាក់ច្រវាក់ចំណតរថយន្តរបស់មន្ទីរពេទ្យព្រះកេតុមាលា បាក់អស់៤ដើម រួចបន្តទៅបុករថយន្តមួយគ្រឿង ម៉ាកកាមរី
បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-2624 ដែលម្ចាស់រថយន្តចតនៅតាមចិញ្ចើមផ្លូវហើយចូលទៅញុំាស៊ុប ក៏ត្រូវរថយន្តបង្កបុកចំពីមុខពេញទំហឹង ធ្វើឲ្យរថយន្តកាមរីផ្លោងខ្ទាតទៅបុកម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY-5232 ចតទុកចោលមុខហាងស៊ុប បណ្តាលឲ្យម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ ហើយរថយន្តរងគ្រោះបានជ្រុលទៅបុកតុហូបស៊ុបចំនួន៤តុទៀត ប៉ុន្តែក្នុងចំណោមនោះមានភ្ញៀវអង្គុយតែ២តុទេ ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសស្រាល៤នាក់ មានស្រ្តីមានផ្ទៃពោះ៦ខែម្នាក់ និងក្មេងស្រីតូចៗចំនួន៣នាក់ រងរបួសរលាត់ដៃជើង ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ។
បើតាមសម្តីអ្នកបើករថយន្តបង្កបានឲ្យដឹងទាំងស្ថានភាពស្រវឹងទោរទន់ថា មុនពេលកើត ហេតុ គាត់ទើបចេញពីកម្មវិធីនៅកោះពេជ្រ មកដល់ចំណុចខាងលើរេចង្កូតទៅបុករះរថយន្តនិងម៉ូតូតែម្តង ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋឃាត់រថយន្តបង្ក និងអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ខ្លាចប្រជាពលរដ្ឋទប់កំហឹងមិនបានវាយអ្នកបើករថយន្តបង្ក ទើបនាំអ្នកបើករថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលស្រះចក ទុកប្រគល់ឲ្យនគរបាលចរា
ចរណ៍ផ្លូវគោក យកទៅដោះស្រាយ រួមជាមួយរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូមួយគ្រឿងផងដែរ៕
