ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៥-២០១៦ និង២០១៦-២០១៧ នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្តទាំង៦ សរុបចំនួន៥ ៨០៨នាក់ (នារី២ ១៣៤នាក់) ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៧៤នាក់ (នារី៣៩នាក់) ផងដែរ។

ឯកឧត្តមបណ្ឌិត ស្ដើង សុខុម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឯកទេសកម្ពុជា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា មានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាតាមខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម កំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពត ក្នុងនោះមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្ដាចារ្យ សរុបចំនួន១ ១៨៦នាក់ (នារី១៧៨នាក់) និស្សិតបញ្ចប់ការសិក្សាសរុបចំនួន៣១ ៨២៦នាក់ (នារី៨ ៦២១នាក់) និងនិស្សិតកំពុងសិក្សាសរុបចំនួន១០ ០៣៧នាក់ (នារី៤ ០៨៥នាក់) ដែលចំនួននេះនឹងកើនឡើងដល់ប្រមាណ១៦០០០នាក់ នាបវេសនកាលថ្មីខាងមុខ។ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា មាន៥មហាវិទ្យាល័យ រួមមាន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ដ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, មហាវិទ្យាល័យវិស្វកម្ម, និងមហាវិទ្យាល័យវិទ្យាសាស្រ្ដសង្គម និងនីតិសាស្រ្ដ។
តាមលទ្ធផលនៃការអង្កេត និស្សិតជ័យលាភីនេះបានបង្ហាញថា អ្នកមានការងារធ្វើមានចំនួន៨៩,០៥% ក្នុងនោះកម្រិតបរិញ្ញាបត្ររង ចំនួន៨០,៧៧%, កម្រិតបរិញ្ញាបត្រ ចំនួន៨៨,៣៤% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៩៩,១៣%, និងកម្រិតបណ្ឌិត ចំនួន១០០%។ អតីតនិស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា បាននិងកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ និងឯកជន ចាប់ពីអ្នកតំណាងរាស្រ្ដមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល រហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចៅក្រម មេធាវី នាយក នាយករងក្រុមហ៊ុនឯកជន ធនាគារ សាលារៀន សាស្រ្ដាចារ្យបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឬមធ្យមសិក្សាជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ”នេះជាផ្នែកដ៏សំខាន់មួយដែលប្រទេសជាតិ ទទួលបានការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះជោគជ័យរបស់ក្រុមប្រឹក្សាភិបាល របស់គណៈគ្រប់គ្រងសាស្រ្ដាចារ្យ ដើម្បីខិតខំជាមួយនិងការបង្ហាត់បង្ហាញចំពោះនិស្សិតដែលបានធ្វើការសិក្សានៅទីនេះ រាប់ទាំងថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រថ្នាក់ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតដែលបានបញ្ចប់សាកលវិទ្យាល័យនេះ ក៏បាននិងកំពុងបំពេញការងារនៅតាមស្ថាប័ននានាផងដែរ ដែលក្នុងនោះមាន៨៩% នៃអ្នកដែលមានការងារធ្វើ។ នេះគឺជាជោគជ័យមួយរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលមានទាំងស្ថាប័នរដ្ឋ និងឯកជន បានទទួលយកអ្នកដែលសិក្សានៅទីនេះ បម្រើការផ្សេងៗ ហើយខ្ញុំសូមសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានទទួលការបញ្ចប់ការសិក្សា ហើយមានមួយចំនួនបាននិងកំពុងធ្វើការងារ ដែលថ្ងៃនេះបានមកទទួលសញ្ញាបត្រជាមួយគ្នា រហូតដល់ជាង៥ពាន់នាក់នេះ”៕ (អត្ថបទក្រុមហ៊ុន)
