ភ្នំពេញ ៖ បើតាមសមត្ថកិច្ចអះអាងថា ផ្ទះ១ខ្នងលក់កុំព្យូទ័របានឆ្លងចរន្តអគ្គីសនីឆាបឆេះបណ្តាលឲ្យស្លាប់បុគ្គលិកចំនួន៤នាក់ និងឆាបឆេះសម្ភារៈអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ3B លក់កុំព្យូទ័រយីហោអេស ធី ស៊ី តាមបណ្តោយផ្លូវ៧០ ស្ថិតនៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ម្ចាស់ផ្ទះជួលមានឈ្មោះសឿង សេងហុង ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិព្រែកថ្មី ស្រុកកោះធំ
កណ្តាល។
តាមប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១១យប់ មានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ធ្វើឲ្យប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅផ្ទះលក់កុំព្យូទ័រយីហោ អេស ធី ស៊ី កំពុងតែមានភ្លើងឆាបឆេះ
ហុយផ្សែងចេញមកក្រៅយ៉ាងខ្លាំង ហើយនៅក្នុងផ្ទះនោះមានបុគ្គលិកប្រុសៗចំនួន៤នាក់ដេកនៅជាន់ទីមួយនិងជាន់ទី២ បានស្រែកហៅឲ្យអ្នកជិតខាងជួយ។ គ្រាន់តែដឹងហេតុការណ៍ភ្លាមប្រជាពលរដ្ឋនិងសមត្ថកិច្ចបាននាំគ្នាគាស់ទ្វារផ្ទះដែលចាក់សោរពីខាងក្នុង ទម្រាំតែបាន ហើយបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់២០បំពង់ទៀត តែមិនអាចពន្លត់បាន រង់ចាំរថយន្តពន្លត់អគ្គីភ័យមកដល់បាញ់ទឹក ទើបអណ្តាតភ្លើងបានរលត់អស់ទាំងស្រុង។
ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា អគ្គីភ័យខាងលើនេះបណ្តាលមកពីបុគ្គលិកលក់កុំព្យូទ័រកំដៅសម្លភ្លេចបិទ បណ្តាលឲ្យឆាបឆេះផ្ទុះធុងហ្គាសចេញពីផ្ទះបាយ ហើយបន្តឆាបឆេះឆ្លងរាលដាលពីផ្ទះបាយជាន់ក្រោមរហូតដល់ជាន់ទីមួយនិងជាន់ទី២ បណ្តាលឲ្យបុគ្គលិកដែលដេកលក់ ធ្វើឲ្យថប់ដង្ហើមអត់មានខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើម និងរត់ចេញអត់រួចដោយសារផ្សែងហុយខ្លាំងពេក មើលផ្លូវអត់ឃើញ ទើបបណ្តាលឲ្យឈ្លក់ និងឆេះរោលស្លាប់ទាំង៤នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាប ឆេះខូចខាតសម្ភារៈអស់ទាំងស្រុង និងកុំព្យូទ័រ បន្សល់ទុកម៉ូតូ២គ្រឿង ។ អគ្គីភ័យនេះមាន រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលទៅជួយអន្តរាគមន៍ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់២០ឡាន ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១រំលងអាធាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។
សពរបស់ជនរងគ្រោះទាំង៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាបុគ្គលិកប្រុសទាំង៤នាក់ ។ សពត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕