Saturday, September 27, 2025
Homeព័ត៌មានជាតិកូនស្រីអាយុ២៩ឆ្នាំ មានសតិមិនប្រក្រតីក្រោយលែងប្តី បានបាត់ខ្លួន២៥ថ្ងៃហើយ ម្តាយប្រកាសស្វែងរក

កូនស្រីអាយុ២៩ឆ្នាំ មានសតិមិនប្រក្រតីក្រោយលែងប្តី បានបាត់ខ្លួន២៥ថ្ងៃហើយ ម្តាយប្រកាសស្វែងរក

ភ្នំពេញ ៖ ម្តាយឯណាមិនខ្លោចចិត្តនឹកអាណិតកូនស្រី ថ្វីត្បិតនាងមានអាយុ២៩ឆ្នាំក៏ពិតមែន តែមានសតិមិនគ្រប់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២៥ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារខ្វាយខ្វល់ ដើរស្វែងរកគ្រប់ច្រកល្ហកនៅតែមិនឃើញ ម្តាយបានប្តឹងទាំងសមត្ថកិច្ចសុំឲ្យជួយប្រកាសស្វែងរកនៅតែមិនជួប បាត់ដំណឹងសូន្យឈឹង ជាក្តីកង្វល់របស់ម្តាយ ក្រុមគ្រួសារកើតមានសម្រាប់កូនស្រី ។

ស្រ្តីបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះ បែន ចាន់ធឿន ហៅតាំង អាយុ២៨ឆ្នាំ មានសតិមិនប្រក្រតី ហើយក៏ជាស្រ្តីមេម៉ាយមានកូន២ប្រុសនាក់ផងដែរ មានទីលំនៅបុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

តាមស្រ្តីជាម្តាយឈ្មោះ ហ៊ុន ថុល អាយុ៦០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះខាងលើ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ក្រោយពីលែងលះជាមួយប្តី អស់រយៈពេល៥ឆ្នាំកន្លងមក ក៏កើតរោគផ្លូវចិត្ត ផ្នែកប្រព័ន្ធប្រសាទ គាត់ធ្លាប់ទាំងនាំទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី ផងដែរ កូនស្រីគាត់មានកូនប្រុស២នាក់ កូនច្បងទៅរស់នៅតាមឪពុក ក្រោយលែងលះគ្នា ចំណែកកូនប្រុសប្អូន រស់នៅជាមួយជីដូន ។

ស្រ្តីជាម្តាយបន្តទៀតថា ខណៈដែលកូនស្រីមានសតិមិនប្រក្រតី ស្រាប់តែនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ក្រុមគ្រួសារភ្លេចខ្លួន ជាប់រវល់នៅខាងក្នុងផ្ទះ បែរជាកូនស្រីដើរចាកចេញទៅបាត់ ក្នុងសម្លៀកបំពាក់មួយចង្កេះជាប់ខ្លួន ដោយស្មានតែដើរទៅផ្ទះអ្នកជិតខាង រហូតដល់ព្រលប់ថ្ងៃដដែលនៅមិនឃើញ ទើបផ្អើលឆោឡោ ទាំងក្រុមគ្រួសារ ទាំងអ្នកជិតខាងជួយតាមស្វែងរកនៅមិនឃើញ គាត់ភ័យព្រួយខ្លាំងពេក រហូតរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ សូមឲ្យជួយអន្តរាគមន៍ប្រកាសស្វែងរក ។ ស្រ្តីបាត់ខ្លួនខាងលើ បាត់គ្មាដំណឹង សូន្យឈឹង ធ្វើឲ្យក្រុមគ្រួសារខ្វល់ព្រួយបារម្ភពីសុវត្តិភាព អូសបន្លាយពេលវេលា រហូតដល់ទៅ២៥ថ្ងៃមកហើយ ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះមិនអស់ចិត្ត រត់ទៅប្តឹងប៉ូលិសសារជាថ្មី ។

តាមស្រ្តីឈ្មោះ  បែន ចាន់ធូ អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវជាបងស្រីបង្កើតរបស់ស្រ្តីបាត់ខ្លួន បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ ថ្វីត្បិត មានអាយុ២៩ឆ្នាំ ក៏ពិតមែន តែនាងជាមនុស្សមានសតិមិនប្រក្រតី កំពុងប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ជាប្រចាំ ទៅពិនិត្យពេទ្យរាល់ខែ ហើយក្រោយពីបាត់ខ្លួនគ្មានដំណឹង មិនដឹងថាដល់ទីណា ។

កូនស្រីដែលបាត់ខ្លួន២៥ថ្ងៃហើយ

តាមក្រុមគ្រួសាររបស់បាត់ខ្លួនខាងលើ បានទទូចស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច កាលបើប្រទះឃើញស្រ្តីដូចភិនភាគក្នុងរូបខាងលើ មេត្តាជួយឃាត់ ឬផ្តល់ដំណឹងដល់ក្រុមគ្រួសារផង ៕

RELATED ARTICLES