Saturday, September 27, 2025
Homeព័ត៌មានជាតិបុរសគមចិត្តខ្លាំង ខឹងស្រីមិនឲ្យស្ទាប វាយ៣ដៃប៉ោងមុខ

បុរសគមចិត្តខ្លាំង ខឹងស្រីមិនឲ្យស្ទាប វាយ៣ដៃប៉ោងមុខ

ខេត្តកណ្តាល ៖ បុរសស្ត្រីជាអ្នករកស៊ីគួកជេរដី២នាក់ បានបបួលគ្នាចូលហាងស៊ុប ផឹកស៊ីជុំគ្នា ដើម្បីពិភាក្សាគ្នាពីរឿងទិញលក់ដី លុះក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ស្រាប់តែខាងប្រុសបែកគំនិតប្រើដៃទៅលូកលាន់ខាងស្រី ធ្វើឱ្យខាងស្រីខឹងក៏និយាយថា ខ្លួនមិនមែនជាស្រីលេងសើចនោះទេ រួចក៏កើតមានជម្លោះបែកផ្សែង រហូតដល់ខាងប្រុសទប់កំហឹងមិនជាប់ ក៏ដាល់ផ្ទៃមុខខាងស្រី៣ដៃ បណ្តាលឱ្យរងរបួសហើមជាំ។

ករណីស្រីប្រកែកប្រុសប្រកាន់ ឈានដល់ផ្ទុះជម្លោះក្លាយជាអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧​​ នៅត្រង់ចំណុចហាងលក់ស‘បុ១កន្លែង  ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនដៃដល់ដែលផឹកស្រវឹងចង់លូកលាន់មនុស្សស្រី លុះខឹងគេមិនឱ្យប៉ះ បែរជាស្ទុះទៅដាល់ស្ត្រីភេទ៣ដៃ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះរំដួល ងៀង ហៅគម អាយុ៥០ឆ្នាំ មុខរបរគួកជេរដី មានលំនៅក្នុងភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះហ៊ល ចន្ធី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង រងបួសបែកបបូរមាត់ខាងស្តាំ១កន្លែង រលាត់ក្រោមភ្នែកខាងឆ្វេង ១កន្លែង និងពកថ្ងាសខាងស្តាំ១កន្លែង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានណាត់ជួបគាត់ និងបានបបួលគាត់ មកហូបស៊ុបនៅហាងស៊ុបរបស់ឈ្មោះផល ដែលមានទីតាំងស្ថិតនៅជាប់ធនាគាអេស៊ីដា សាខាឃុំព្រែកគយ ដើម្បីជុំគ្នាផឹកស៊ីតិចតួចផង និងពិភាក្សាគ្នាអំពីរឿងរកស៊ីទិញលក់ដីផង។

ស្ត្រីរងគ្រោះខាងលើ បន្តថា បន្ទាប់មក ជនសង្ស័យឈ្មោះរំដួល ងៀង ក៏បានយកប្លង់ដីពីគាត់ ដែលគាត់បានទុកនៅក្នុងកាបូបយកទៅមើល រួចក៏ផឹកបណ្តើរពិភាក្សាគ្នាបណ្តើរ។ បន្ទាប់មក ក្រោយពីចាប់ផ្តើមស្រវឹងស្រាធ្លាក់ភ្នែក ជនសង្ស័យឈ្មោះរំដួល ងៀង ក៏ស្រាប់តែបែកគំនិតចង់លូកលាន់គាត់ ដោយបានយកដៃខាងស្តាំរបស់ខ្លួន (ជនសង្ស័យ) មកអង្អែលស្មាខាងស្តាំរបស់គាត់។ ដំបូងឡើយ គាត់ក៏មិនមាត់ករអ្វីដែរ ព្រោះនឹកថា ជនសង្ស័យស្រវឹងទៅហើយ ខ្ជិលប្រកាន់ត្រឹមអង្អែលស្មាប៉ុណ្ណឹង ដឹងអី ពេលឃើញគាត់មិនមាត់ ជនសង្ស័យកាន់តែបានចិត្ត ក៏ចាប់ផ្តើមខិតលើ ដោយប្រើដៃបង្អូសធ្លាក់ចុះដល់ខ្នង ស្ទាបផងអង្អែលផង រហូតដល់គាត់ទ្រាំមិនបាន ចំពោះទង្វើមិនសមរម្យរបស់ជនសង្ស័យ ដែលចង់មើលងាយគាត់ជាមនុស្សស្រី ទើបគាត់បាននិយាយទៅកាន់ជនសង្ស័យថា “ខ្ញុំមិនមែនជាស្រីលេងសើចនោះទេ” គ្រាន់តែនិយាយប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបែរជាខឹងច្រឡោត ដាច់ក្បាលដាច់កន្ទុយ រករឿងឈ្លោះប្រកែកជាមួយគាត់ និងថែមទាំងស្ទុះមកដាល់គាត់ចំផ្ទៃមុខ ចំនួន៣ដៃផ្ទួនៗ ចំបបូរមាត់១ដៃ ចំក្រោមភ្នែកខាងឆ្វេង១ដៃ និងថ្ងាស១ដៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលស្រុកស្អាង បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះរំដួល ងៀង ហៅគម យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដាល់ទៅលើផ្ទៃមុខស្ត្រីរងគ្រោះពិតប្រាកដមែន ដើម្បីបញ្ចោញកំហឹងនឹងរឿងដែលខ្លួនគ្រាន់តែលេងសើចជាមួយនាងតិចតួច បែរជានាងប្រកាន់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES