ភ្នំពេញ ៖ ផឹកស៊ីស្រវឹងថ្ងៃខួបកំណើតកូនម្ចាស់ផ្ទះជួល ទាស់ពាក្យសម្តីរហូតដល់ប្រើអំពើហិង្សាយកកាំបិតបុ័ងតោកាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀតជាប់ខ្នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះវ៉ាន ស្រស់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យមានឈ្មោះ សួន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរវាយតំលៃអចលនទ្រព្យ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ ញូង រីណា អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមសំដីប្រពន្ធជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុមានកម្មវិធីខួបកំណើតកូនម្ចាស់ផ្ទះជួល អាយុ៣ឆ្នាំ ហើយបានផឹកស៊ីនៅកន្លែងផ្សេងៗគ្នា ដោយជនរងគ្រោះត្រូវជាមិត្តភក្កិរបស់កូនប្រុសម្ចាស់ផ្ទះបានផឹកស៊ីជិតបន្ទប់ជនសង្ស័យ ហើយចំណែកជនសង្ស័យស្នាក់នៅផ្ទះជួលកន្លែងកើតហេតុបានផឹកនៅឆ្ងាយពីគ្នា បន្ទាប់មកភាគីរងគ្រោះនិងកូនម្ចាស់ផ្ទះ ឈ្មោះអាបាន បានផឹកស៊ីជជែកគ្នាខ្លាំងៗពេក មានភាពរញ៉េរញ៉ៃរកវាយគ្នា ធ្វើឲ្យប្រពន្ធជនសង្ស័យបានទូរស័ព្ទហៅប្តីឲ្យមកមើល ។ ពេលជនសង្ស័យមកដល់បានសួរនាំថាមានរឿងអី ឮរកវាយប្អូនឈ្មោះ បាន ហើយជនរងគ្រោះសួរថា ប្អូនង្នកណា? ពេលនោះជនសង្ស័យបានឆ្លើយថា ប្អូនអញ ក៏បានឈ្លោះពាក្យសំដីគ្នាម្តងមកហើយ តែបានសម្របសម្រួលគ្នាស្ងាត់អស់ ហើយជនរងគ្រោះចេញទៅក្រៅបាត់ ។ លុះនៅម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះជាអ្នកបង្ករឿងម្តងទៀត បានហៅបក្សពួកមានគ្នា២នាក់ មកធាក់ទម្លុះទ្វារបន្ទប់ជនសង្ស័យ បណ្តាលឲ្យរយះទ្វារដាច់គន្លឹះ រួចបានគប់កៅអីឈើចូលក្នុងបន្ទប់ជិតចំប្រពន្ធរងគ្រោះដែលមានផ្ទៃពោះទៀត និងបានចូលទៅបង្ករឿងក្នុងផ្ទះជួល ធ្វើឲ្យជនសង្ស័យទប់កំហឹងមិនបានស្ទុះទៅយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត នឹងបណ្តាលឲ្យដួលសន្លប់ ហើយបាននាំទៅមន្ទីរពេទ្យនៅភូមិកើតហេតុភ្លាមផងដែរ។
បន្ទាប់មកភាគីខាងរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគមន៍ ហើយឃាត់ជនសង្ស័យទៅសួរនាំភ្លាមៗផងដែរ ។ បន្ទាប់មកសមត្ថកិច្ចបានទៅទទួលពាក្យបណ្តឹងនៅមន្ទីរពេទ្យ ដោយមានស្នាមរយះមុខចំហៀងខាងឆ្វេង និងខ្នងជាច្រើនកន្លែង ដេរចំនួន២៥ថ្នេរនៅខាងមុខ ហើយដោយឡែកជនរងគ្រោះសន្លប់ មិនទាន់ដឹងខ្លួនមិនបានទទួលពាក្យបណ្តឹងឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានកសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕