ភ្នំពេញ ៖ អតីតតារាស្រីសិចស៊ី កែវ សូរិយា ដែលធ្លាប់ទម្លាយប្រាប់ថា ត្រូវបុរសជាស្វាមីធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយ រហូតប្រើអំពើហិង្សាគប់នាង១កាំបិត បណ្តាលឱ្យដាច់ដោះ បន្សល់ទុកស្លាកស្នាមឈឺចាប់ឱ្យនាងចងចាំអស់១ជីវិតនោះ បានព្យាយាមគិតខ្លីប៉ុនប៉ងធ្វើអត្តឃាតជាបន្តបន្ទាប់ ដោយមុននេះនាងធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្តងទៅហើយ តែត្រូវក្រុមគ្រួសារជួយនាំទៅពេទ្យសង្គ្រោះជីវិតទាន់ពេល ទីបំផុត កែវ សូរិយា សម្រេចចិត្តចងករហូតដល់ស្លាប់ដូចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM១៤ បុរីប៉េងហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ស្ត្រីគំនិតខ្លីដែលព្យាយាមធ្វើអត្តឃាត រហូតដល់ស្លាប់ដូចបំណងនេះ មានឈ្មោះវ៉ា នួនសុភា អាយុ២៩ឆ្នាំ (ឈ្មោះក្នុងវិស័យសិល្បៈ កែវ សូរិយា) មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារអតីតតារាសម្តែង កែវ សូរិយា បានរៀបរាប់ប្រាប់ថា កែវ សូរិយា ធ្លាប់មានបញ្ហារកាំរកូសជាមួយប្តី ដោយប្តីបានប្រើអំពើហិង្សាយ៉ាងធ្ងន់ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចចិត្តលែងលះគ្នា គិតមកដល់ពេលនេះមានរយៈពេលប្រមាណជាងកន្លះឆ្នាំទៅហើយ ដោយមានសាលក្រមតុលាការត្រឹមត្រូវ។ តាំងពីលែងលះជាមួយប្តីមក កែវ សូរិយា ហាក់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ដោយចេះតែស្រងូតស្រងាត់ មិនដែលឃើញសើចសប្បាយរីករាយម្តងណាសោះ។ ក្រោយមក មួយរយៈមុននេះ នាងធ្លាប់បានគិតខ្លីម្តងរួចមកហើយ ដោយបានលេបថ្នាំសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបងប្អូនប្រទះឃើញទាន់ ក៏ជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះទាន់ពេលវេលា។
ប្រភពដដែលបន្តថា ក្រោយពីប៉ុនប៉ងសម្លាប់ខ្លួនម្តងតែមិនស្លាប់មក កែវ សូរិយា ហាក់កាន់តែមានអាការៈប្លែកៗ ពោលគឺមិនសូវនិយាយស្តីអ្វីទាំងអស់ ទីបំផុត ក៏ដាច់ចិត្តគិតខ្លីម្តងទៀត រហូតដល់បានសម្រេចបំណងតែម្តង។ នៅមុនពេលកើតហេតុ កែវ សូរិយា បានសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង លុះមកដល់វេលាម៉ោង៤រសៀលអ្នកបម្រើនៅក្នុងផ្ទះសង្ស័យ បានគោះទ្វារបើកចូលទៅមើល ស្រាប់តែប្រទះឃើញ កែវ សូរិយា ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
គួររំលឹកថា កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ អតីតតារាសិចស៊ី កែវ សូរិយា បានទម្លាយរឿងរ៉ាវដ៏ឈឺចាប់មួយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយនាងបានបង្ហោះនូវរូបភាពចំនួន២៨សន្លឹក ដែលក្នុងនោះមានរូបភាពស្លាកស្នាមរបួសនៅលើសុដន់ផ្នែកខាងស្តាំ (ដាច់ក្បាលសុដន់) ព្រមទាំងស្នាមរបួសជើង និងថែមទាំងបានសរសេររៀបរាប់នូវសារទុក្ខសោកយ៉ាងវែងអន្លាយមួយ ដោយបើកកកាយពីជីវិតរស់នៅជាមួយស្វាមី ដែលជួបតែភាពល្វីងជូរចត់ហួសពីការស្មាន ដែលបុរសជាប្តីបានបន្សល់ទុកនូវស្លាកស្នាមឈឺចាប់ (១កាំបិតដាច់ដោះ) ឱ្យនាងចងចាំអស់មួយជីវិត ។

បន្ទាប់ពីជីវិតស្នេហ៍ធ្លាប់ផ្អែមល្ហែមប្រែជាល្អក់កករ លាយឡំនឹងអំពើហិង្សាយ៉ាងឃោរឃៅផងនោះ កែវ សូរិយា បានសម្រេចនាំកូនស្រីចាកចេញទៅរស់នៅតែ២នាក់ម្តាយកូន ស្រាប់តែមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ កែវ សូរិយា បែរជាទទូចអង្វរប្តីឱ្យត្រឡប់មកជានាវិញ ដោយនាងអះអាងថា ជីវិតនាងរស់នៅពិបាកជាងស្លាប់ទៅទៀត ចំណែកកំហុសគ្រប់យ៉ាងគឺមកពីរូបនាងដែលមិនចេះទប់អារម្មណ៍ ទប់កំហឹង ធ្វើអ្វីដោយមិនបានពិចារណា ហើយពេលនេះនាងនិងកូនស្រី កំពុងត្រូវការប្តីនិងឪពុកត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក្តី ម្តាយកូនកែវ សូរិយា មិនបានទទួលចម្លើយតបជាវិជ្ជមានណាមួយពីអតីតស្វាមីនោះឡើយ។ ដោយសារតែមិនអាចសុំប្តីឱ្យជានាគ្នាវិញបាននេះហើយ ទើបធ្វើឱ្យអតីតតារាស្រីសិចស៊ី កែវ សូរិយា ត្រូវរស់នៅក្នុងភាពឈឺចាប់ វិប្បដិសារី រហូតដល់ទីបំផុត ក៏ឈានដល់ការគិតខ្លីលេបថ្នាំសម្លាប់ខ្លួនមិនសម្រេច ក៏ចងកសម្លាប់ខ្លួនរហូតដល់ស្លាប់តែម្តង។

គួរបញ្ជាក់ថា អតីតតារាសម្តែងសិចស៊ី កែវ សូរិយា ដែលមានឈ្មោះដើម វ៉ា នួនសុភា គឺជាកូនពៅ ក្នុងចំណោមបងប្អូនចំនួន៤នាក់ (ប្រុស២ ស្រី២) នាងមានឪពុកជាមន្ត្រីរាជការ និងម្តាយជាអាជីវករ។ កែវ សូរិយា បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈសម្តែងតាំងពីឆ្នាំ២០០៧មកម៉្លេះ ដោយដំបូងឡើយនាងគ្រាន់តែជាអ្នករាំពីក្រោយឆាកសម្តែងកាយវិការខារ៉ាអូខេ (រាំអមតួតែប៉ុណ្ណោះ)។ ក្រោយមកដោយសារតែនាងមានទេពកោសល្យ គួបផ្សំនឹងរូបសម្រស់សាច់សខ្ចី ហ៊ានស្លៀកពាក់សិចស៊ី និងហ៊ានសម្តែងជាមួយពស់ថ្លាន់ផងនោះ ទើបធ្វើឱ្យនាងតែងមានវត្តមានក្នុងសម្តែងកាយវិការខារ៉ាអូខេឱ្យស្ទើរគ្រប់ផលិតកម្មទាំងក្នុង និងក្រៅប្រទេស។ នៅក្នុងអំឡុងពេលប្រឡូកយ៉ាងជោកជាំក្នុងវិស័យសម្តែង កែវ សូរិយា ធ្លាប់មានរឿងអាស្រូវ និងពាក្យចចាមអារ៉ាមជាច្រើន ជាក់ស្តែង កាលពីចុងឆ្នាំ២០០៩ និងដើមឆ្នាំ២០១០ នាងធ្លាប់ទទួលរងការចោទប្រកាន់ ពីរឿងទាក់ទងប្តីរបស់គេ និងថែមទាំងធ្លាប់ត្រូវស្ត្រីជាប្រពន្ធដើមគំរាមបញ្ចោញវីដេអូអាសអាភាសទៀតផង ប៉ុន្តែរឿងរ៉ាវទាំងនេះត្រូវបាននាងច្រានចោល និងឆ្លើយបដិសេធថា មិនមែនជាការពិតទាំងអស់។ បន្ទាប់មកនៅអំឡុងឆ្នាំ២០១០ កែវ សូរិយា បានផ្អាកការសម្តែងងាកទៅប្រកបរបររកស៊ីវិញម្តង ស្របពេលដែលនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជាថៅកែជនជាតិកូរ៉េម្នាក់ រហូតឈានដល់ការភ្ជាប់ពាក្យនឹងគ្នានៅពាក់កណ្តាលឆ្នាំ២០១០ទៀតផង ប៉ុន្តែក្រោយមកស្នេហារវាងកែវ សូរិយា និងថៅកែជនជាតិកូរ៉េនោះ បានបាក់បែកគ្នាវិញ នៅអំឡុងចុងឆ្នាំ២០១០។ តាំងពីនោះមក កែវ សូរិយា ក៏ចាប់ផ្តើមបាត់មុខឈឹងពីវិស័យសិល្បៈតែម្តង រហូតមកដល់បែកធ្លាយរឿងអាស្រូវប្តីប្រពន្ធខាងលើ ទើបគេដឹងថា រយៈពេលកន្លងមកនេះ កែវ សូរិយា បានសម្ងំរួមរស់ជាមួយស្វាមីជាមន្ត្រីយោធា តែស្នេហាមួយនេះហាក់មិនសមបំណង ពោលគឺបន្ទាប់ពីរួមស្នេហ៍បាន៦ឆ្នាំ ក៏កើតមានរឿងរ៉ាវប្រេះឆា រហូតដល់ប្រើអំពើហិង្សា ត្រូវប្តីគប់១កាំបិតដាច់ដោះ ធ្វើឱ្យជីវិតស្នេហ៍ត្រូវបែកខ្ញែក ចែកផ្លូវដើររៀងខ្លួន ហើយទីបំផុត កែវ សូរិយា ព្រោះតែមិនអាចទ្រាំទ្រនឹងការឈឺចាប់ទាំងឡាយបាន ក៏សម្រេចជ្រើសយកផ្លូវគិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយចងកតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ (កែវ សូរិយា) ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹមបង្អួចក្នុងបន្ទប់ដេករបស់ខ្លួន។
សាកសពអតីតតារាសម្តែង កែវ សូរិយា ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕