ខេត្តកំពង់ឆ្នាំង ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់កើតមាន ខណៈដែលគូស្នេហ៍ខាងកូនកំលោះជាអាចារ្យក្មេង រីឯកូនក្រមុំជាដូនជី បានដឹកដៃគ្នាចូលរោងការរៀបចំពិធីយ៉ាងអធិកអធម ព្រមទាំងបាននិមន្តព្រះសង្ឃចំនួនជាង១០០អង្គ ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចឃុំស្រែថ្មី ស្រុករលាប្អៀរ។
ពិធីមង្គលការមួយបានប្រារឰឡើងយ៉ាងគគ្រឹកគគ្រេង រវាងកូនកម្លោះជាអាចារ្យ និងកូនក្រមុំជាដូនជី ហើយអ្វីដែលមើលទៅមានលក្ខណៈខុសប្លែកពីពិធីមង្គលការផ្សេងៗទៀតនោះ គឺដោយសារតែពិធីជ័យមង្គលមួយនេះ លាន់ឮតែសម្លេងសូត្រធម៌ និងមានការនិមន្តព្រះសង្ឃចំនួន១០២អង្គ មកពីវត្តចំនួន១១ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់ ពោលគឺខុសប្លែកពីមង្គលការផ្សេងៗដែលលាន់តែសំឡេងចម្រៀង និងធុសបាស់កក្រើក។
លោកអាចារ្យដែលជាកូនកម្លោះនោះ មានឈ្មោះសោម សុផាត អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិអាលាំងកែ ឃុំចោងម៉ោង ស្រុកទឹកផុស ស្នាក់នៅធ្វើជាអាចារ្យនៅវត្តធម្មវ័ន្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកសីលវត្តី ជាកូនក្រមុំ មានឈ្មោះធឿន សុភី អាយុ៣៩ឆ្នាំ រស់នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ។
ក្រុមគ្រួសារកូនកម្លោះក្រមុំខាងលើ បានឱ្យដឹងថា ពិធីមង្គលការនេះ គឺធ្វើទៅតាមទំនៀមទម្លាប់ជាហូរហែ ចាប់តាំងពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ និងបានគ្រោងហៅភ្ញៀវប្រមាណជាង៥០តុ ដែលមានបងប្អូនសាច់ញាតិបងប្អូនទាំងខាងកូនកម្លោះនិងកូនក្រមុំ។ ពិធីមង្គលការមួយនេះ បានធ្វើឱ្យភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះទេ ហើយក៏បានសម្តែងនូវការកោតសរសើរចំពោះការនិមន្តព្រះសង្ឃមកចូលរួមឆាន់ចង្ហាន់ថ្ងៃត្រង់ ដែលពិធីបែបនេះ ពិតជាបានបំពេញនូវបុណ្យកុសលធំធេង។
ប្រភពដដែលបញ្ជាក់ថា សម្រាប់ថ្ងៃ បន្ទាប់ពីសូត្រមន្តនៅព្រឹកថ្ងៃបន្ទាប់ ក្រោយពីប្រារព្វតាមទំនៀមទម្លាប់រួចមក នៅវេលាម៉ោងជាង១០ព្រឹក បើរាល់ពិធីមង្គលការសព្វដង ម្ចាស់ដើមការតែងតែអញ្ជើញភ្ញៀវពិសាភោជនាហារ និងមានដាក់ស្រាបៀរតាមតុនីមួយៗ ដើម្បីទទួលភ្ញៀវ ប៉ុន្តែពិធីមង្គលការរបស់លោកអាចារ្យ និងសីលវត្តីនេះវិញ គឺផ្ទុយស្រឡះ ដោយនៅពេលទទួលភ្ញៀវ ស្រាប់តែឃើញព្រះសង្ឃរហូតដល់ទៅ១០២អង្គ ដែលនិមន្តមកពីវត្តចំនួន១១វត្ត និមន្តមកឆាន់ចង្ហាន់ត្រង់ហើយ នៅលើតុមានចង្ហាន់រហូតដល់៦មុខ និងភេសជ្ជៈទៅវិញ ចំណែកសំឡេងធុងបាស់ប្រែជាសំឡេងធម៌ពុទ្ធជ័យមង្គលជូនដល់គូស្វាមីភរិយាថ្មីថ្មោងនេះ។
គួរបញ្ជាក់ថា ក្រោយពីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ត្រង់រួចហើយ ម្ចាស់ដើមការដែលមានកូនកម្លោះជាលោកអាចារ្យ និងកូនក្រមុំជាសីលវត្តី បានរៀបចំប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងមួយអង្គ ចំនួន៥ម៉ឹនរៀលទៀតផង៕