ខេត្តរតនគិរី ៖ នារីវ័យក្មេងជាសិស្សសាលាម្នាក់ ត្រូវបានឃាតករដៃឆៅមិនិស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច រួចសម្លាប់បំបិទមាត់ ប្លុងសពចោលនៅក្នុងព្រៃចម្ការដំឡូង រហូតដល់សពមានសភាពហើមរលួយ ទើបមានអ្នកភូមិប្រទះឃើញ និងផ្អើលឆោឡោឡើង។
ករណីប្រទះឃើញសពនារីក្រមុំត្រូវឃាតករចិត្តយង់ឃ្នងរំលោភសេពសន្ថវៈសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែររោងចម្ការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់។
សពនារីរងគ្រោះខាងលើនោះ មានឈ្មោះ កេល លាភ អាយុ១៨ឆ្នាំ ជាជនជាតិទំពួន និងជាសិស្សរៀននៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្នាក់នៅផ្ទះជួល ក្នុងភូមិ-ឃុំកើតហេតុខាងលើ ក្បែរសាលា ដោយទទួលបានការឧបត្ថម្ភពីអង្គការ អាយដាល សង្គ្រោះជនជាតិដើមភាគតិចក្រីក្រ។
តាមសម្តីបុរសឈ្មោះខាំ ឡាកេល ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ត្រូវបានអង្គការអាយដាល ជួយឧបត្ថម្ភទំនុកបម្រុងឱ្យរៀនសូត្រ ដោយថែមទាំងបានចេញថ្លៃជួលផ្ទះឱ្យស្នាក់នៅជិតសាលារៀនទៀតផង ហើយនៅថ្ងៃសម្រាក ទើបកូនស្រីត្រឡប់មកលេងផ្ទះ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដោយសារតែចំថ្ងៃអាទិត្យ ប៉ុន្តែមិនឃើញកូនស្រីវិលមកលេងផ្ទះ ទើបគាត់នឹកឆ្ងល់ ក៏ទូរស័ព្ទទៅកូនស្រី តែមិនចូលសោះ ពេលនោះគាត់ជាឪពុកនឹកគិតថា ប្រហែលកូនស្រីជាប់រវល់រៀនហើយ ទើបមិនមកផ្ទះ និងថែមទាំងបិទទូរស័ព្ទបែបនេះ ហើយក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។
ប្រភពដដែលបានបន្តថា លុះមកដល់ព្រឹកព្រលឹម ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានអ្នកច្រូតសណ្តែកម្នាក់ បានប្រទះឃើញម៉ូតូរបស់កូនស្រីរបស់គាត់ ហើយក៏ថតរូបផ្ញើមកឱ្យគាត់មើល ទើបគាត់ដឹងថា ពិតជាម៉ូតូរបស់កូនស្រីពិតមែន។ បន្ទាប់មក ក៏នាំគ្នាតាមរកមើល ក៏ស្រាប់តែប្រទះឃើញសពកូនស្រីដេកស្លាប់ទាំង អាក្រាតកាយ នៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីកន្លែងប្រទះឃើញម៉ូតូ ស្ថិតនៅក្នុងចម្ការដំឡូងខាងលើតែម្តង។ បន្ទាប់មក ពួកគាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំងប៉ុស្តិ៍គ្រូពេទ្យខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ក្នុងអំពើរំលោភសេពសន្ថវៈសម្លាប់ប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីវែកមុខជនដៃដល់ជាឃាតករ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕