Saturday, September 27, 2025
Homeព័ត៌មានជាតិលោកអធិការ!!! សង្វៀនបញ្ជល់មាន់ក្បែរច្រមុះហើយ 

លោកអធិការ!!! សង្វៀនបញ្ជល់មាន់ក្បែរច្រមុះហើយ 

ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ជាច្រើនកន្លែង ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងរីកដុះដាលដូចផ្សិតនៅក្នុងទឹកដីខេត្តកំពង់ចាម ពិសេសក្នុងភូមិសាស្ត្រស្រុកចម្ការលើ និងស្រុកជើងព្រៃ ហើយសង្វៀនជល់មាន់ទាំងនោះ តែងបើកដោយចំហជារៀងរាល់ព្រឹកល្ងាច និងហាក់គ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីទាំងអស់ រហូតដល់មានការខ្សឹបខ្សៀវគ្នាថា សង្ស័យត្រូវដងត្រូវផ្លែ ឬសែនព្រេនម្ចាស់ទឹកម្ចាស់ដីរួចរាល់ផងក៏មិនដឹង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានឱ្យដឹងថា ស្របពេលគោលនយោបាយភូមិមានសុវត្ថិភាព ត្រូវបានដាក់ចេញដើម្បីលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន ដូចជាលុបបំបាត់បទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន និងវង់ល្បែងស៊ីសងផងនោះ ស្រាប់តែគេឃើញវង់ល្បែងស៊ីសង ពិសេស ល្បែងបញ្ជល់មាន់ ត្រូវបានកើតឡើងជាបន្តបន្ទាប់នៅលើទឹកដីខេត្តកំពង់ចាម រីឯទីតាំង (សង្វៀនមាន់) ទៀតសោត ហាក់មិនឆ្ងាយពីអធិការដ្ឋាននគរបាលឡើយ ក្នុងនោះមាននៅក្បែរអធិការដ្ឋាននគរបាលស្រុកចម្ការលើមួយ  និងនៅក្បែរអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។

ជាក់ស្តែង សង្វៀនបញ្ជល់មាន់១កន្លែង ត្រូវគេដឹងថា បានតាំងនៅយ៉ាងជ្រងោៗ ស្ថិតនៅទល់មុខអនុវិទ្យាល័យស្គន់ ខាងក្រោយហាងសាំងតាសារឹម ចម្ងាយប្រមាណ៥០០ម៉ែត្រ។ រីឯសង្វៀនបញ្ជល់មាន់១កន្លែងទៀត ស្ថិតនៅចំណុចដីថ្មី ក្នុងភូមិដីថ្មី ឃុំតាប៉្រុក ស្រុកចម្ការលើ។ ចំពោះការបើកសង្វៀនបញ្ជល់មាន់ទាំង២ទីតាំងខាងលើនេះ គឺស្ថិតនៅក្បែរៗនឹងអធិការដ្ឋានខ្លាំងណាស់ ហើយមានការបានបើកលេងយ៉ាងចំហ ព្រមទាំងមានមនុស្សម្នាចូលលេងយ៉ាងគគ្រឹកគគ្រេងដូចហែកឋិន និងហាក់គ្មានខ្លាចញញើតសមត្ថកិច្ចសូម្បីប៉ុនសរសៃសក់។ ចំណែកសមត្ថកិច្ចទៀតសោត ប៊ុយរ៉ូធ្វើការនៅក្បែរគ្នា រហូតអាចលាន់ឮសំឡេងហ៊ោកញ្ជ្រៀវរបស់ក្រុមអ្នកលេងល្បែងជល់មាន់ទៀតផង តែហាក់មើលមិនឃើញសោះ គ្មានចំណាត់ការ គ្មានការចុះបង្ក្រាបអ្វីទាំងអស់ ពោលគឺហាក់មិនអើពើសោះតែម្តង។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវចូលទៅសង្វៀនទាំងនោះ បានបញ្ជាក់ថា ពួកគាត់បាត់ជំនឿលើសមត្ថកិច្ចអស់ហើយ ព្រោះពេលប្រជាពលរដ្ឋឃើញនៅក្នុងមូលដ្ឋានរបស់ខ្លួន  មានវង់ល្បែងសង្វៀនមាន់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចរាប់ចាប់តាំងពីថ្នាក់ប៉ុស្តិ៍ រហូតដល់ថ្នាក់ស្រុក ដើម្បីឱ្យជួយអន្តរាគមន៍ និងអនុវត្តនូវគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព ដឹងអីមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបទាន់ពេលម្តងឡើយ គឺពេលដែលមានមនុស្សចូលលេងដូចហែកឋិន បែរជាមិនឃើញប៉ូលិសមកអើតសោះ ស្រាប់តែពេលប៉ូលិសចុះមកគគ្រឹកគគ្រេង មានទាំងរថយន្តស៊ីរ៉ែនផងនោះ បែរជាចំពេលគ្មានមនុស្សមួយគ្រាប់ ហើយប៉ូលិសចាប់បានតែតុកៅអី១០-២០ និងរុះដំបូលតង់កៅស៊ូ មកដុតចោលថតទុកអួតបង្ហាញស្នាដៃ ឱ្យថ្នាក់លើបានដឹង ហើយគេសង្ស័យថា មុនចុះបង្ក្រាបអាចមានការផ្តល់ដំណឹងដល់ម្ចាស់សង្វៀនមាន់ទាំងនោះតែម្តង ទើបមិនដែលចាប់បានអ្វីសោះ។ ដោយសារតែបែបនេះហើយ ទើបប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មូលហេតុដែលម្ចាស់សង្វៀនមាន់ អាចបើកទ្វារលេងដោយចំហរបានដូចសព្វថ្ងៃ គឺមកពីពួកគេសែនម្ចាស់ទឹកម្ចាស់ដីឱ្យសើមមាត់សើមកតែម្តង ទើបអាចបើកដោយរលូនបែបនេះ។

យ៉ាងណាក្តី ប្រជាពលរដ្ឋបានសំណូមពរដល់លោកឯម កុសល ស្នងការនគរបាលខេត្ត និងលោកគួច ចំរើន  អភិបាលខេត្តកំពង់ចាម មេត្តាមានវិធានការបង្ក្រាបសង្វៀនល្បែងបញ្ជល់មាន់ទាំងនេះផង ដើម្បីឱ្យប្រជាពលរដ្ឋ អាចមានជំនឿជាក់ទៅលើសមត្ថកិច្ច ពិសេស អាចមានភាពកក់ក្តៅ និងជឿថា ភូមិ-ឃុំរបស់ខ្លួនពិតជាមានសុវត្ថិភាព៕

RELATED ARTICLES