ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានចេញទៅធ្វើការនៅប្រទេសថៃ ជាមួយប្តីរាប់ឆ្នាំមកហើយ ស្រាប់តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រហូតត្រូវគ្រូពេទ្យកាត់ជើងម្ខាងចោល ស្រាប់តែក្រោយពេលចេញពីមន្ទីរពេទ្យ២ថ្ងៃ ប្រពន្ធសុំប្តីឱ្យជូនមកលេងស្រុកកំណើត បែរជាប្តីដឹកយកមកបំបរបង់ចោលកណ្តាលផ្លូវ ធ្វើឱ្យដាច់បាយដាច់ទឹក អង្គុយយំគួរឱ្យសង្វេគ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានការអាណិតអាសូរ ក៏ជួយជូនមកសុំអន្តរាគមន៍ពីសមត្ថកិច្ច។
ករណីស្ត្រីពិការជើង ត្រូវប្តីចិត្តអប្រិយ យកមកបំបរបង់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្សារស្រុកអូរជ្រៅ ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ។
ស្ត្រីអភ័ព្វដែលត្រូវប្តីបោះបង់ចោល មានឈ្មោះរស់ សាវី អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិបានលុង ឃុំទឹងបាយ ស្រុកបរកែវ ខេត្តរតនគីរី រីឯបុរសជាប្តីចិត្តអប្រិយ មានឈ្មោះឆុន ចិត្រ អាយុ៥៣ឆ្នាំ មានលំនៅក្នុងខេត្តពោធិ៍សាត់។
តាមសម្តីស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងប្តីបានរួមរស់នឹងគ្នាជាយូរមកហើយ តែមិនទាន់មានកូននៅឡើយ ក្រោយមកប្តីប្រពន្ធគាត់ក៏បាននាំគ្នាធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ ស្រាប់តែអកុសលថ្មីៗនេះ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ រហូតត្រូវពេទ្យសម្រេចកាត់ជើងខាងឆ្វេងរបស់គាត់ម្ខាងចោល បណ្តាលឱ្យគាត់ធ្លាក់ខ្លួនពិការតែម្តង។
ស្ត្រីអភ័ព្វពិការជើងម្ខាងរូបនេះ បន្តទាំងអួលអាក់ថា នៅមុនពេលកើតហេតុ គាត់ទើបនឹងចេញពីពេទ្យបាន២ថ្ងៃប៉ុណ្ណោះ ហើយដោយសារតែគាត់មានការនឹករលឹកស្រុកកំណើតខ្លាំងពេក ក៏សំពះសុំប្តីឱ្យជួយជូនគាត់ទៅលេងដល់ស្រុក ចំណែកប្តីក៏យល់ព្រម។ ប៉ុន្តែនៅពេលដែលឆ្លងដែនពីថៃ ធ្វើដំណើរមកដល់ចំណុចផ្សារស្រុកអូរជ្រៅ ប្តីរបស់គាត់ក៏បោះបង់គាត់ចោល ហើយគេចខ្លួនបាត់ស្រមោលតែម្តង មិនដឹងជាប្តីនោះវិលទៅស្រុកថៃវិញ ឬក៏គេចទៅស្រុកកំណើតរបស់គេឯខេត្តពោធិ៍សាត់ នោះទេ។
ស្ត្រីអភ័ព្វបានបញ្ជាក់ថា គាត់ពិតជាតូចចិត្តខ្លាំងណាស់ មិនគួរណាត្រូវប្តីហេងស៊យធ្វើបែបនេះដាក់ឡើយ ព្រោះស្រលាញ់គ្នាតែពេលនៅមានសម្រស់ រាងកាយល្អពេញលេញ លុះឃើញគាត់មានគ្រោះថ្នាក់ ត្រូវកាត់ជើងម្ខាងចោល ខ្លាចបន្ទុកត្រូវធ្លាក់លើខ្លួនជាប្តីត្រូវរ៉ាប់រងមើលថែចិញ្ចឹមប្រពន្ធ ក៏បែកគំនិតបំបរបង់គាត់ចោលបែបនេះតែម្តង។
ក្រោយកើតហេតុ ដោយសារតែប្រទះឃើញស្ត្រីអភ័ព្វខាងលើ អង្គុយទួញសោក ទើបមានប្រជាពលរដ្ឋចូលទៅសួរនាំ ទើបដឹងថា ស្ត្រីរូបនេះត្រូវប្តីយកមកបំបរបង់ចោល រួចក៏ជួយនាំស្ត្រីខាងលើទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ដោយមានទឹកចិត្តអាណិតអាសូរ ទើបលោកអធិការស្រុកអូរជ្រៅ និងលោកស្នងការរងខេត្តបន្ទាយមានជ័យ ព្រមទាំងសប្បុរសជនមួយចំនួនទៀត បានជួយឧបត្ថម្ភជាថវិកា ដើម្បីឱ្យស្ត្រីពិការខាងលើ មានសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ ជាមួយនេះ សមត្ថកិច្ចក៏ជួយសម្របសម្រួលហៅរថយន្តឈ្នួល ដឹកអ្នកដំណើរឱ្យស្ត្រីខាងលើជិះផងដែរ៕