Saturday, September 27, 2025
Homeព័ត៌មានជាតិអភិបាលខេត្តចាត់ការសង្វៀនមាន់ដុះស្លែ ក្បែរច្រមុះលោកអធិការ

អភិបាលខេត្តចាត់ការសង្វៀនមាន់ដុះស្លែ ក្បែរច្រមុះលោកអធិការ

ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ដុះស្លែចំនួន២កន្លែង ដែលមានទីតាំងស្ថិតនៅ ក្បែរច្រមុះលោកអធិការស្រុកចម្ការលើ និងស្រុកជើងព្រៃ តែមិនត្រូវបានលោកអធិការមើលឃើញ រហូតធ្វើឱ្យម្ចាស់សង្វៀនកាន់តែបានដៃ បើកដោយចំហរ គ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីសោះនោះ ត្រូវបានលោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់វិធានការណ៍ក្តៅរហូតមានការចុះបង្ក្រាបរុះរើទីតាំងបញ្ជល់មាន់នោះ តែអ្វីដែលមានជាមន្ទិលសង្ស័យនោះ នៅត្រង់ថា ទាំងម្ចាស់សង្វៀន និងក្រុមអ្នកជល់មាន់ ដូចដឹងមុន នាំគ្នារត់បាត់អស់ ទើបប៉ូលិសចុះទៅដល់។

សង្វៀនមាន់ដុះស្លែនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលត្រូវបានសារព័ត៌មាន “នគរធំ” និងគេហទំព័រសារព័ត៌មាន “នគរធំ” ធ្វើការចុះផ្សាយ និងជូនដំណឹងដល់លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៧ នោះ ត្រូវបានលោកគួច ចំរើន និងលោកស្នងការខេត្ត បានចាត់វិធានការណ៍ភ្លាមៗ ទាន់នៅក្តៅៗ មិនទុកឱ្យជូរផ្អូមទ្បើយ ដោយនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល លោកបានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍សូទិប ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ ស្ថិតក្នុងព្រៃ ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ដោយបានរុុះរើដុតបំផ្លាញដំបូលតង់ កៅអីជរ័មួយចំនួនចោល ដើម្បីកុំឱ្យក្រុមអ្នកញៀនល្បែង ជល់មាន់លួចលេងថ្ងៃក្រោយទៀត។

យ៉ាងណាក្តី នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ គេពុំឃើញមានម្ចាស់ទីតាំង ឬអ្នកញៀនល្បែងជល់មាន់ណាម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះឡើយ ហើយសូម្បីតែម៉ូតូរថយន្តរបស់ក្រុមអ្នកលេងមាន់ ក៏ចាប់មិនបានដែរ ព្រោះពួកគេបានជម្លៀសចេញអស់ ដូចដឹងដំណឹងមុន ឬដូចជាមានរណុកក្នុងរាយការណ៍ប្រាប់អីចឹង។ សកម្មភាពបែបនេះត្រូវគេសង្ស័យថា ច្បាស់ជាមានខ្មោចស្រុកឱ្យដៃ ខ្មោចព្រៃតែម្តង ជាក់ស្តែងបើគ្មានអ្នកប្រាប់មុនទេ តើអ្នកលេងទាំងនោះអាចគេចខ្លួនអស់ ដោយយកទាំងយានជំនិះចេញគ្មានសល់ ដោយរបៀបណា ព្រោះនេះជាការឆ្មក់ចុះបង្ក្រាប មិនមែនការដាក់ឱសានវាទចុះបង្ក្រាបនោះទេ។

ជុំវិញប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ ប្រជាពលរដ្ឋបានថ្លែងនូវអំណរគុណ និងសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការដ៏ក្តៅគគុក និងទាន់ពេលវេលារបស់លោកអភិបាលខេត្តកំពង់ចាម រួមនិងលោកស្នងការខេត្តកំពង់ចាម ហើយបើទោះជាការបង្ក្រាបបានត្រឹមតែរឹបអូសតង់កៅស៊ូ និងកៅអី មកដុតបំផ្លាញ ដោយមិនចាប់បានមនុស្សណាម្នាក់ក៏ពិតមែន ប៉ុន្តែនេះចាត់ទុកជាស្នាដៃ និងឆន្ទៈក្នុងការយកចិត្តទុកដាក់ចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

RELATED ARTICLES