Saturday, September 27, 2025
Homeព័ត៌មានជាតិទៅប្តឹងប្តីប្រើអំពើហិង្សា មានអីប្តីបកអាក្រាតរឿងប្រពន្ធលេងល្បែង ភ្លេចដាំបាយឲ្យសុី

ទៅប្តឹងប្តីប្រើអំពើហិង្សា មានអីប្តីបកអាក្រាតរឿងប្រពន្ធលេងល្បែង ភ្លេចដាំបាយឲ្យសុី

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធម្នាក់ទ្រាំមិនបាននឹងប្តីប្រើអំពើហិង្សាវាយដំរហូតដល់ជាំភ្នែក ក៏រត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនប្តីយកទៅសាកសួរ ស្រាប់តែបែកធ្លាយថា មូលហេតុដែលប្តីប្រើកណ្តាប់ដៃដោះស្រាយបញ្ហាបែបនេះ ក៏ព្រោះតែមួម៉ៅក្តៅចិត្តនឹងរឿងហាមប្រពន្ធមិនស្តាប់ ដោយសាររាល់ថ្ងៃប្រពន្ធក្រៅពីញៀនល្បែង ហើយនៅញៀនស្រាថែមទៀត ឱ្យតែផឹកស្រវឹងដឹងតែរអ៊ូង៉ូវៗដាក់ត្រចៀកប្តី ទើបប្តីទ្រាំមិនបានក៏បញ្ចោញកំហឹងខ្លះទៅ ទុកជាការព្រមាន។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសជាប្តីដែលប្រើកណ្តាប់ដៃវ៉ៃប្រពន្ធ បណ្តាលឱ្យជាំប៉ោងភ្នែកម្ខាងមានឈ្មោះងោយ ភ័ក្រ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអាត់ រ៉ា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធខាងលើនេះ សព្វថ្ងៃមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ។ ប្តីរបស់នាងម្នាក់នេះ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ ហើយឱ្យតែផឹកស្រវឹងម្តងៗតែងតែរករឿងវ៉ៃទាត់ធាក់ប្រពន្ធមិនសូវខានឡើយ ប៉ុន្តែយ៉ាងណាក្តី នាងមិនដែលប្តឹងផ្តល់ទេ ព្រោះយល់ថា ប្តីប្រពន្ធទៅហើយ។ ជាក់ស្តែងកាលពីអំឡុងពេល២ឆ្នាំមុន ប្តីធ្លាប់បានវ៉ៃនាងបណ្តាលឱ្យប៉ោងភ្នែកម្តងរួចមកហើយ ហើយពេលនោះនាងបានទៅឱ្យគ្រូពេទ្យពិនិត្យមើល និងត្រូវបានគ្រូពេទ្យប្រាប់ថា ភ្នែករបស់នាងខូចហើយ។

ស្ត្រីជាប្រពន្ធបានបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៧ នាងនិងប្តី ព្រមទាំងអ្នកជិតខាង៤ទៅ៥នាក់ ជាស្ត្រីបាននាំគ្នាផឹកស្រាបៀរអស់កន្លះកេស ស្រវឹងស្រឿងៗ ស្រាប់តែប្តីរបស់នាងបានចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយនាង និងថែមទាំងបានប្រើអំពើហិង្សាវាយនាងចំភ្នែកជាច្រើនដៃ បណ្តាលឱ្យហើមប៉ោងជាំខៀវសាជាថ្មី។ ប៉ុន្តែពេលកើតហេតុភ្លាមៗ ដោយសារយប់ទៅហើយ ទើបនាងមិនបានទៅដាក់ពាក្យបណ្តឹងទេ លុះដល់ព្រឹកឡើង នាងក៏ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនបុរសជាប្តីនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាវ៉ៃប្រពន្ធ បណ្តាលឱ្យប៉ោងភ្នែកប្រាកដមែន មូលហេតុដោយសារតែប្រពន្ធបានរករឿងអ្នកដែលគាត់ផឹកស៊ីជាមួយ ហើយប្រពន្ធមិនធ្វើអីទេ គិតតែពីលេងល្បែងនិងផឹកស្រាប៉ុណ្ណោះ ហើយឱ្យតែស្រវឹង ចេះតែរអ៊ូង៉ូវៗដាក់ត្រចៀកប្តី មិនតែប៉ុណ្ណោះ ពេលខ្លះគាត់ជាប្តីចេញមកពីធ្វើការវិញ ប្រពន្ធមិនទាន់ដាំបាយឱ្យហូបផង ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ក៏វ៉ៃខ្លះទៅ ទុកជាការព្រមាន។

ជុំវិញករណីខាងលើនេះ ស្ត្រីជាប្រពន្ធមិនបានប្តឹងផ្តល់ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាប្តីចាត់ការតាមច្បាប់នោះទេ ដោយគ្រាន់តែសំណូមពរឱ្យសមត្ថកិច្ចជួយអប់រំ និងធ្វើកិច្ចសន្យាឱ្យប្តីបញ្ឈប់ប្រើហិង្សាមកលើនាងជាប្រពន្ធតទៅទៀតរួច ហើយឱ្យបុរសជាប្តីយកប្រពន្ធទៅពេទ្យ ដើម្បីព្យាបាលភ្នែក៕

RELATED ARTICLES