Saturday, September 27, 2025
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់!!! កុមារកំព្រាឳពុក៤នាក់ ដើររើសកាកសំណល់សុី និងសុំទានគេ ចិញ្ចឹមម្តាយ

គួរឲ្យអាណិតណាស់!!! កុមារកំព្រាឳពុក៤នាក់ ដើររើសកាកសំណល់សុី និងសុំទានគេ ចិញ្ចឹមម្តាយ

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសស្រីតូចៗចំនួន៤នាក់ ជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដើររើសកាកសំណល់តាមទីសាធារណៈគំនរសំរាមយកទៅហូប និងតែងដើរសុំទានគេពេញភូមិសាស្ត្រក្រុងព្រះសីហនុ ដោយមិនបានរៀនសូត្រអ្វីទាំងអស់ និងត្រូវបានគេសង្ស័យថា ក្មេងតូចៗទាំង៤នាក់បងប្អូន ត្រូវស្ត្រីជាម្តាយបង្ខំឱ្យដើរធ្វើបែបនេះ។

លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឱ្យដឹងថា កន្លងមក មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្មេងប្រុសស្រី៤នាក់បងប្អូនកំព្រាឪពុក ត្រូវម្តាយបង្ខំឱ្យដើររើសកាកសំណល់ និងសុំទានគេនៅក្រុងព្រះសីហនុ ដោយមិនបានរៀនសូត្រឡើយ ពីព្រោះម្តាយទីទាល់ក្រខ្លាំងពេក ហើយគ្មានផ្ទះសម្បែងទៀតផង។

លោកស្រីស្នងការរង បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចាត់ឱ្យសមត្ថកិច្ចជំនាញ ចុះធ្វើការតាមដាន ស្រាវជ្រាវរកក្មេងៗទាំងនោះមកសាកសួរ។ ជាលទ្ធផលបញ្ជាក់ថា ក្មេងទាំង៤នាក់នោះ មិនត្រូវបានម្តាយបង្ខិតបង្ខំឱ្យដើរសុំទានគេនោះឡើយ ប៉ុន្តែពួកគេសព្វថ្ងៃរស់នៅក្នុងជីវភាពក្រីក្រខ្លាំងពេក កំព្រាឪពុក គ្មានរបររកស៊ីចិញ្ចឹមជីវិត ក៏នាំគ្នាដើររើសកាកសំណល់តាមទីសាធារណៈ និងធុងសំរាម គំនរសំរាមយកទៅហូប និងដើរសុំទានគេ ដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះទៅ។

លោកស្រីស្នងការរង បញ្ជាក់បន្ថែមថា ក្រោយពីសាកសួរដឹងពីមូលហេតុអស់ហើយ សមត្ថកិច្ចបានស្នើសុំទៅមន្ទីរសង្គមកិច្ចឱ្យជួយរកអង្គការមនុស្សធម៌នានា ដើម្បីជួយផ្គត់ផ្គង់ឧបត្ថម្ភឱ្យក្មេងទាំងនោះ បានចូលរៀនសូត្រដូចក្មេងដទៃ ចំណែកខាងមន្ទីរសង្គមកិច្ច ក៏បានឯកភាពតាមសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ៕

RELATED ARTICLES