ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករបរឡើងត្នោតយកទឹក ខណៈដែលកំពុងឡើងដើមត្នោត ចៃដន្យស្រាប់តែបាក់បង្អោងឫស្សីធ្លាក់ បណ្តាលឲ្យតាំងពីលើចុងត្នោតកំពស់៩ម៉ែត្រ មកដីរងរបួសធ្ងន់ បាក់ចង្កេះបាក់ជើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ ណាក់ ណុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរឡើងត្នោត មានប្រពន្ធឈ្មោះ ផល ចាន់នី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ក្នុងបន្ទុក ស្នាក់នៅរោងលក់ទឹកត្នោតជូរ ក្បែរបញ្ជាការដ្ឋានកងទ័ពជើងអាកាស ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបាគ្រង ឃុំគោករវៀង ស្រុកបាធាយ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះនៅពេលដែលរដូវឡើងត្នោត ជនរងគ្រោះនាំទាំងគ្រួសារ កូនចៅមកស្នាក់នៅសង់តូប រោងលក់ទឹកត្នោតជូរ នៅក្នុងភូមិកន្ទោកត្បូង រៀងរាល់រដូវឡើងត្នោត ហើយមុនពេលកើតហេតុ ជនរងគ្រោះចេញមកពីរោងលក់ដូរ មកឡើងត្នោតយកទឹកដូចសព្វថ្ងៃ ជាអកុសល ជនរងគ្រោះជួបហេតុការណ៍នេះតែម្តង ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា រាល់ព្រឹក-ល្ងាច ឃើញជនរងគ្រោះមកឡើងដើមត្នោត ដើម្បីយកទឹក លុះនៅព្រឹកកើតហេតុ ជនរងគ្រោះជិះម៉ូតូមកឡើងត្នោតដូចសព្វដង ខណៈដែលឡើងជើងដល់លើចុងហើយ នៅកំពស់ប្រហែល៩ម៉ែត្រ ស្រាប់តែបាក់បង្អោងឫស្សី ធ្លាក់ជនរងគ្រោះមកដី បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ ៕