ភ្នំពេញ ៖ នារីរកស៊ីផ្លូវភេទម្នាក់ ឃើញបុរសម្នាក់ផឹកស្រាស្រវឹងមករកសេវាផ្លូវភេទ ក៏ទៅអង្គុយក្បែរលូកស្ទាបចុះឡើង រួចក៏បបួលបុរសរូបនោះឡើងឋានសួគ៌ ប៉ុន្តែខាងប្រុសមិនព្រម ព្រោះមិនពេញចិត្តនឹងសម្រស់ខាងស្រី ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីប្រតាយប្រតប់គ្នាចុះឡើង ធ្វើឱ្យខាងស្រីដួលរបួសតិចតួច ក៏ស្រាប់តែនារីរកស៊ីផ្លូវភេទជើងល្អរូបនោះខឹង ក៏ទូរស័ព្ទហៅប្រុសស្នេហ៍មកវ៉ៃប្លន់ម៉ូតូជនរងគ្រោះទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចម្តុំវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសរងគ្រោះដែលត្រូវនារីរកស៊ីផ្លូវភេទ បបួលទៅដេកមិនព្រម ធ្វើឱ្យនាងផ្ទុះកំហឹង ទូរស័ព្ទហៅប្រុសស្នេហ៍មកវ៉ៃប្លន់យកម៉ូតូទៅបាត់ មានឈ្មោះយន់ ឈុននី អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទនៅច្បារអំពៅ ស្នាក់នៅក្រោយពេទ្យចិន ខណ្ឌចំការមន។ ចំណែកម៉ូតូដែលជនសង្ស័យវ៉ៃប្លន់យកទៅបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ឡើងតែម២០១១ ពាក់ស្លាកលេខភ្នំពេញ 1AF-8286។ ដោយឡែក នារីរកស៊ីផ្លូវភេទ និងប្រុសស្នេហ៍ ដែលជាជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្តិបងប្អូនរបស់គាត់នៅម្តុំក្រោយពេទ្យចិន លុះពេលស្រវឹងស្រាស្រឿងៗក៏បានជិះម៉ូតូទៅអង្គុយលេងនៅជិតវត្តភ្នំ ដើម្បីរកសេវាផ្លូវភេទ។ លុះទៅដល់ក៏មានស្ត្រីរកស៊ីផ្លូវភេទម្នាក់ មិនស្គាល់អត្តសញ្ញាណបានមកអង្គុយជិត ហើយបានស្ទាបអង្អែលរូបគាត់ និងបានបបួលគាត់ទៅឡើងឋានសួគ៌ជាមួយគ្នា តែដោយសារស្ត្រីរូបនោះ មិនសូវស្អាត ទើបគាត់មិនពេញចិត្ត មិនព្រមទៅជាមួយ ធ្វើឱ្យមានការប្រទាញប្រទង់គ្នា រហូតទាស់សម្តីគ្នា និងរុញច្រានគ្នាទៅវិញទៅមក បណ្តាលឱ្យស្ត្រីរកស៊ីផ្លូវភេទរូបនោះដួលរងរបួសឆ្កូតមុខបន្តិច ភ្លាមៗនោះ ស្ត្រីខាងលើបានទូរស័ព្ទហៅប្រុសស្នេហ៍ដែលជាជនសង្ស័យមកដល់បានសម្របសម្រួល ដោយជនសង្ស័យបាននិយាយថា ត្រូវនាំស្ត្រីរូបនេះទៅពេទ្យ និងបានឱ្យគាត់ជិះម៉ូតូឌុបពួកគេទាំង២នាក់ ទៅមន្ទីរពេទ្យ។
បុរសរងគ្រោះបន្តថា លុះពេលគាត់ដឹកជនសង្ស័យចេញទៅដល់មុខសណ្ឋាគារភ្នំពេញ ស្រាប់តែជនសង្ស័យប៉ុនប៉ងវាយគាត់ ដើម្បីប្លន់យកម៉ូតូ តែគាត់ដឹងខ្លួនមុន ក៏បានដកសោម៉ូតូ តែមិនបានកាច់ពន្លត់នោះទេ រួចក៏ផ្តួលម៉ូតូចោល ហើយជនសង្ស័យបានវាយគាត់ជាច្រើនដៃ រួចបានស្រែកថា គាត់គឺជាចោរទៅវិញ ហើយភ្លាមៗនោះ ជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះយកទៅបាត់ ចំណែកស្ត្រីរកស៊ីផ្លូវភេទដែលជាបក្ខពួកជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចជួយវែកមុខរកជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕