Sunday, September 28, 2025
Homeព័ត៌មានជាតិខ្លួនធំប៉ុណ្ណឹងហើយនៅសុំលុយម្តាយចាយ មិនគិតរកការងារធ្វើទេ ម្តាយមិនឲ្យ គំរាមសម្លាប់

ខ្លួនធំប៉ុណ្ណឹងហើយនៅសុំលុយម្តាយចាយ មិនគិតរកការងារធ្វើទេ ម្តាយមិនឲ្យ គំរាមសម្លាប់

ខេត្តកំពង់ស្ពឺ ៖ កូនប្រុសរមិលគុណម្នាក់ បានសុំលុយពីម្តាយចាយ លុះម្តាយប្រាប់ថា គ្មានលុយឱ្យ បែរជាផ្ទុះកំហឹងស្រែកឡូឡារករឿងវាយបំផ្លាញទ្រព្យសម្បត្តិ និងថែមទាំងគំរាមសម្លាប់ម្តាយបង្កើតចោលទៀត រហូតដល់ស្ត្រីជាម្តាយទ្រាំលែងបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍កូនប្រុសចិត្តភ្លើងខឹងសុំលុយម្តាយមិនបាន គំរាមសម្លាប់ម្តាយចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។

បុរសជាកូនអកតញ្ញូដែលគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងចោល មានឈ្មោះគូ ស៊ី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយម្តាយបង្កើតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះគិ សុខជា អាយុ៥៣ឆ្នាំ។

តាមសម្តីរបស់ស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) ជាមនុស្សមិនមានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃចេះតែសុំលុយពីគាត់ជាម្តាយយក ទៅផឹកស៊ីជក់គ្រឿងញៀនជាមួយមិត្តភក្តិបនភឿន លុះពេលស្រវឹង ឬបែកថ្នាំក៏ត្រឡប់មករករឿង អុកឡុកពេញផ្ទះ ធ្វើឱ្យក្រុមគ្រួសារគាត់រស់នៅក្រោមការភ័យខ្លាចព្រលឹងចុងសក់ ជារៀងរាល់ថ្ងៃ។

ស្ត្រីជាម្តាយរូបនេះ បន្តថា នៅមុនពេលកើតហេតុ កូនប្រុសកំណាចខាងលើ បានមកសុំលុយពីគាត់យកទៅចាយ តែគាត់បាននិយាយទៅកាន់កូនប្រុសវិញថា ម៉ែគ្មានលុយទេ រាល់ថ្ងៃគាត់រស់ដោយសារតែបងៗរបស់ឯងដែរ ព្រោះម៉ែចាស់ហើយ គ្មានរបររកស៊ីអ្វីទេ។ ស្រាប់តែភ្លាមនោះ កូនប្រុសចិត្តភ្លើងរូបនេះ បែរជាផ្ទុះកំហឹងស្រែកឡូឡាគំរាមថា បើមិនឱ្យលុយគេទេ គេនឹងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះចោលឱ្យអស់ លុះគាត់ចេញទៅឃាត់ ស្រាប់តែកូនប្រុសរមិលគុណរូបនេះ បែរជាគំរាមសម្លាប់ទាំងគាត់ជាម្តាយបង្កើតចោលទៀត ទើបធ្វើឱ្យគាត់ទ្រាំនឹងទង្វើរបស់កូនប្រុសតទៅទៀតលែងបាន ក៏សម្រេចចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនតែម្តង។

តាមប្រជាពលរដ្ឋរស់នៅក្បែរខាង បានឱ្យដឹងថា ជនសង្ស័យជាកូនប្រុសនេះ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ទើបចេះតែធ្វើបាបម្តាយយ៉ាងដូច្នេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES