Wednesday, October 1, 2025
Homeព័ត៌មានជាតិបុរសថៃ លួចលុយកាស៊ីណូជិត៥០ម៉ឺនបាត វេរចូលគណនីមិត្តភក្តិ៣នាក់ ត្រូវជាប់ខ្នោះ

បុរសថៃ លួចលុយកាស៊ីណូជិត៥០ម៉ឺនបាត វេរចូលគណនីមិត្តភក្តិ៣នាក់ ត្រូវជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាជនជាតិថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួន នាំមកសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ពីបទរំលោភលើសេចក្តីទុកចិត្ត (លួចលុយរបស់ក្រុមហ៊ុនកាស៊ីណូ) និងក្រោយពីម្ចាស់ក្រុមហ៊ុនស៊ើបដឹង ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។

លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ គីទីផុន ប៊ូណយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងប៉ោយប៉ែត មុខរបរប្រធានក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានមកប្តឹងកម្លាំងអាវុធហត្ថថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ដោយមានបុគ្គលិកធ្វើការនៅក្នុងនោះលួច។ ភ្លាមៗនោះ មន្ត្រីជំនាញរបស់កងរាជអាវុធហត្ថខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ។

លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យម្នាក់ និងបានរាយការណ៍ និងមានបទបញ្ជាការពីលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បើកប្រតិបត្តិការចាប់ឃាត់ជនសង្ស័យ នៅវេលាម៉ោង៤និង៣៦នាទីល្ងាច ថ្ងៃខែឆ្នាំដដែល នាំមកយកសាកសួរ។

ជនសង្ស័យមានឈ្មោះធីរ៉ាផាត់ ទីឆាគុណ ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃ មានស្រុកកំណើតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅខេត្តបញ្ចាស័ក ប្រទេសថៃ ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូផារ៉ាម៉ិច នេះ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនជាច្រើនលើកមកហើយ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧។ ក្នុងការផ្ទេរមួយលើកៗយ៉ាងច្រើនបំផុត ត្រឹម៥ម៉ឺនបាត ដែលមានទឹកប្រាក់សរុបចំនួន៤៧៥,០០០បាត (សែសិបប្រាំពីរម៉ឺនប្រាំពាន់បាត) ហើយទឹកប្រាក់ទាំងនេះ គឺខ្លួនបានលួចផ្ទេរផ្ញើចូលក្នុងគណនីធនាគាររបស់មិត្តភក្តិដែលរស់នៅក្នុងប្រទេសថៃ ចំនួន៣នាក់។

ជនសង្ស័យត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមតាមនីតិវិធី៕

RELATED ARTICLES