ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ក្រោយពីផឹកស៊ីស្រវឹងត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ លុះប្រពន្ធស្តីបន្ទោសពីរឿងប្តីដើរផឹកស៊ី ហើយត្រឡប់មកវិញចេះតែរករឿងអ្នកផ្ទះមិនឈប់ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ស្ទុះទៅវ៉ៃប្រពន្ធ៣ដៃ បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ករណីប្តីស្រវឹងវ៉ៃប្រពន្ធសន្លប់ស្តូកនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។
ជនបង្កហេតុជាប្តីដែលវាយប្រពន្ធសន្លប់ស្តូកនោះ មានឈ្មោះហង់ រតនា អាយុ៣៥ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះឈុន សក្ខិណា អាយុ៣៧ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរស្នាក់នៅភូមិកើតហេតុខាងលី។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងណាស់ ដោយសារតែបុរសជាប្តីជាមនុស្សប្រមឹក តែងផឹកស៊ីស្រវឹង និងរករឿងអ្នកផ្ទះមិនឈប់។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បុរសជាប្តីបានចេញដើរផឹកតាំងពីថ្ងៃរហូតដល់កប់ព្រលប់ ទើបលេចមុខត្រឡប់មកផ្ទះវិញ ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក។ លុះពេលចូលមកដល់ផ្ទះ បុរសជាប្តីបានរករឿងស្រែកឡូឡា ទើបធ្វើឱ្យប្រពន្ធទ្រាំមិនបាន ក៏ចេញមកឃាត់ និងស្តីបន្ទោស២-៣ម៉ាត់ថា មួយថ្ងៃៗគិតតែដើរផឹកស្រាស្រវឹងមិនជួយធ្វើការងាររកស៊ីចិញ្ចឹមគ្រួសារអ្វីសោះ មិនតែប៉ុណ្ណោះ ឱ្យតែត្រឡប់មកផ្ទះវិញ ដឹងតែរករឿងឈ្លោះប្រកែក អុកឡុកផ្ទះរាល់ថ្ងៃ ហើយពេលនេះ យប់ព្រលប់ទៅហើយ គួរខ្លាចចិត្តថ្តេម្លីអ្នកជិតខាងផង មិនគួរស្រែកឡូឡាបែបនេះទេ។
ប្រភពដដែលបន្តថា លុះក្រោយពេលត្រូវស្ត្រីជាប្រពន្ធស្តីបន្ទោស បុរសជាប្តីក៏ផ្ទុះកំហឹងស្ទុះទៅវាយប្រពន្ធរបស់ខ្លួនចំនួន៣ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះសន្លប់ស្តូកនៅនឹងកន្លែង។
ក្រោយកើតហេតុ អ្នកជិតខាងបានចូលទៅឃាត់ ចាប់បំបែកបុរសជាប្តីចេញ និងបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុជាប្តីនាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធរហូតដល់សន្លប់ប្រាកដមែន។ មូលហេតុ ដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងប្រពន្ធស្តីបន្ទោស ទើបទប់ចិត្តមិនបានជ្រុលដៃវ៉ៃប្រពន្ធសន្លប់បែបនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធី៕