ខេត្តកំពង់ចាម ៖ នារីក្រមុំម្នាក់ ធ្លាប់បម្រើការងារនៅក្នុងហាងខារ៉ាអូខេមួយកន្លែង លុះក្រោយមក ក៏បានមកសុំអង្គការមួយ ដើម្បីរៀនសូត្រជំនាញសម្អាង និងផាត់មុខ គ្រាន់ប្រកបរបរចិញ្ចឹមជីវិត លុះរៀនសូត្រ និងស្នាក់នៅមិនបានប៉ុន្មាន ក៏សុំចេញទៅផ្សារ រកទិញសាប៊ូ រួចក៏បាត់ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកវិញសោះ ជាហេតុធ្វើឱ្យប្រធានអង្គការព្រួយបារម្ភ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រមុំដែលបាត់ខ្លួនខាងលើនោះ មានឈ្មោះ ផេន ស្រីម៉ុក អាយុ18ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម សព្វថ្ងៃស្នាក់នៅរៀនសូត្រក្នុងអង្គការជោគវាសនា មានទីតាំងស្ថិតនៅក្នុងភូមិទី1 សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោកម៉ៅ ទ្បុក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឱ្យដឹងថា កាលពីវេលាម៉ោង 7និង30នាទីយប់ ថ្ងៃទី26 ខែធ្នូ ឆ្នាំ2017 សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសម្នាក់ ឈ្មោះជេន នីហ្វ័រ អាយុ40ឆ្នាំ មុខរបរប្រធានអង្គការជោគវាសនា ស្នាក់នៅភូមិទី1 សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយបានប្តឹងថា បានបាត់នារីវ័យក្មេងជាសិស្សកំពុងរៀនសូត្រ និងស្នាក់នៅក្នុងអង្គការ ឈ្មោះផេន ស្រីម៉ុក អាយុ18ឆ្នាំ មិនដឹងបាត់ទៅណា ធ្វើឱ្យលោកជាប្រធានអង្គការមានការព្រួយបារម្ភ ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកតែម្តង។
តាមសម្តីលោកជេន នីហ្វរ បានរៀបរាប់ ប្រាប់ថា កាលពីវេលាម៉ោង10ព្រឹក ថ្ងៃទី26 ខែធ្នូ ឆ្នាំ2017 នារីឈ្មោះស្រីម៉ុក បានចេញពីស្នាក់ការរបស់លោក ដោយសុំលោកថា នាងសុំចេញទៅទិញសាប៊ូ រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកស្នាក់ការអង្គការវិញសោះ។
លោកប្រធានអង្គការរូបនេះ បានបញ្ជាក់ថា កាលពីប៉ុន្មានខែមុន នាងស្រីម៉ុក បានបម្រើការងារនៅហាងខារ៉ាអូខេ ហើយក្រោយមក នាងចង់រៀនសម្អាង និងផាត់មុខ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ទើបអង្គការរបស់លោកទទួល នាងឱ្យចូលរៀន និងស្នាក់នៅក្នុងអង្គការ ស្រាប់តែពេលនេះ នាងក៏បានបាត់ខ្លួនដោយគ្មានដំណឹងតែម្តង។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមរកនារីដែលបាត់ខ្លួនខាងលើនោះហើយ៕