រយៈពេល៦ថ្ងៃ មុនការប្រកួតបាល់ទាត់ពិភពលោក ស្តេចបាល់ទាត់ប្រេស៊ីល លោកតា Pele បាននិយាយថា ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក៥សម័យកាល សាំបាប្រេស៊ីល អាចនឹងមានឱកាសលើកពានរង្វាន់បាល់ទាត់ពិភពលោក លើកទី៦ នៅប្រទេសរុស្ស៊ី ប៉ុន្តែ ក្រុមមកពីអាមេរិកខាងត្បូងមួយនេះ មានបញ្ហាតិចតួចដែលត្រូវកែលម្អ។
ការលើកឡើងរបស់លោកតា Pele ដោយផ្អែកទៅលើការដឹកនាំរបស់លោក Tite រយៈពេល២ឆ្នាំ ២០ប្រកួតចុងក្រោយនេះ ចាញ់តែមួយប្រកួតគត ក្នុងរយៈពេល២ឆ្នាំនេះ។
ម្ចាស់ពានបាល់ទាត់ពិភពលោក៣សម័យកាល បានប្រាប់ទីភ្នាក់ងាររ៉យទ័រ ថា “ខ្ញុំមានទំនុកចិត្តទាំងស្រុងទៅលើសមត្ថភាពរបស់លោក Tite ប៉ុន្តែរឿងមួយដែលខ្ញុំបារម្ភនោះ នៅសល់តែ២-៣ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ពេលប្រកួតបាល់ទាត់ពិភពលោក ខណៈក្រុមជម្រើសជាតិប្រេស៊ីល ជ្រើសរើសកីឡាករមិនទាន់ត្រូវ។
ជាមួយគ្នានេះដែរ លោកតា Pele ដាក់ទំនុកចិត្តខ្ពស់ទៅលើខ្សែប្រយុទ្ធ Neymar មកពីក្លឹប Paris SG ដែលអាចជួយឱ្យក្រុមជម្រើសជាតិប្រស៊ីល លើកពានបាល់ទាត់ពិភពលោក២០១៨។
លោកតា Pele បានចាត់ទុក Neymar ថាជាកីឡាករល្អបំផុតលើកលោក តែក៏បានព្រមានដែរថា ការឈ្នះពានបាល់ទាត់ពិភពលោក មិនមែនពឹងផ្អែកទៅលើកីឡាករម្នាក់នោះទេ គឺក្រុមទាំងមូលត្រូវសហការគ្នាផងដែរ៕