កាលពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ ២០១៨ លោក Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បាននិយាយថា សម្រាប់សន្និសីទនៅសប្តាហ៍ក្រោយ ក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់ពិភពលោក គួរតែកុំទាន់ពិភាក្សាគ្នាពីការពង្រើកក្រុមបាល់ទាត់រហូតទៅដល់៤៨ក្រុម សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតា។
ថ្លែងទៅកាន់អ្នកកាសែតនៅទីក្រុងម៉ូស្គូ លោក Infantino បាននិយាយថា រដ្ឋបាលសហព័ន្ធបាល់ទាត់អន្តរជាតិ នឹងពិភាក្សាជាមួយម្ចាស់ផ្ទះរុស្ស៊ី ហើយបន្ទាប់មកយើងនឹងដឹងលទ្ធផលនៅពេលនោះ។ លោកបានបន្តទៀតថា វាឆាប់ពេក ហើយដែលត្រូវលើកយកបញ្ហានោះមកពិភាក្សា។ សម្រាប់ពេលនេះ ការប្រកួតបាល់ទាត់ពិភព-លោក មានត្រឹមតែ៣២ក្រុមប៉ុណ្ណោះ។
នៅពេលសួរថា តើប្រទេសកាតា អាចនឹងរកដៃគូមួយទៀតធ្វើសហម្ចាស់ផ្ទះឬយ៉ាងណា ប្រសិនបើគេពង្រើកទៅដល់៤៨ក្រុម នៅឆ្នាំ ២០២២។
ការប្រកួតបាល់ទាត់ពិភពលោក២០២៦ នឹងមានក្រុមជម្រើសជាតិចំនួន៤៨ តែសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានបានទទូចសុំឱ្យធ្វើនៅឆ្នាំ២០២២តែម្តង។
ចំណែកលោក Lars-Christer ប្រធានលីកបាល់ទាត់អឺរ៉ុប បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា គម្រោងពង្រើកដល់៤៨ ត្រឹមឆ្នាំ២០២២ គឺមិនទាន់ទៅរួចទេ។ សម្រាប់អ្នកដេញថ្លៃធ្វើម្ចាស់ផ្ទះបន្ទាប់ប្រទេសម៉ារ៉ុក បានដាក់បេក្ខភាពតែឯង ខណៈអាមេរិក កាណាដា និងម៉ិកស៊ិក ដេញថ្លៃធ្វើសហម្ចាស់ផ្ទះ៕