កាលពីថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ២០១៨ ក្រុមការពារជើងឯកអាល្លឺម៉ង់ បានធ្វើដំណើរ មកដល់ប្រទេសម្ចាស់ផ្ទះរុស្ស៊ី ដោយសុវត្ថិភាពហើយ ជាមួយនឹងក្តីសង្ឃឹមថា នឹងការពារតំណែងជើងឯកឱ្យបាន។ ក្រុមជម្រើសជាតិឥន្ទ្រីដែក អាល្លឺម៉ង់ ចង់ក្លាយជាក្រុមបាល់ទាត់ទី១ ដែលការពារតំណែងជើងឯកពិភពលោក ក្នុងរយៈពេល៥៦ឆ្នាំចុងក្រោយនេះ។
កីឡាករខ្សែបម្រើ Toni Kroos មកពីក្លឹប Real Madrid បាននិយាយថា “យើងចង់សរសេរកំណត់ត្រាប្រវត្តិសាស្ត្រ”។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរទៅរុស្ស៊ី និងនាំយកឈុតសម្លៀកបំពាក់២៦សម្រាប់ ក្នុងចំណោមសម្ភារៈសរុបទាំង១២តោន។
ទាក់ទងនឹងក្តីរំពឹងឈ្នះពាននេះ លោក Joachim Loew គ្រូបង្វឹកអាល្លឺម៉ង់ បាននិយាយថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ មានក្រុមខ្លាំងៗមួយចំនួន ដូចជា អេស្ប៉ាញ ប្រេស៊ីល និងអាហ្សង់ទីន ពួកគេកំពុងតែមានការរីកចម្រើនខ្លាំង៕