បើទោះជាខ្លាំឃ្មុំទឹកករុស្ស៊ី បើកឆាកដំបូង បានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល 5ទល់នឹង0 នៅក្នុងទឹកដីរបស់ខ្លួនយ៉ាងណាក្តី ក្រុមរុស្ស៊ី កំពុងតែសម្តែងក្តីបារម្ភយ៉ាងខ្លាំងក្នុងជំនួបជុំទី2 ប៉ះជាមួយក្រុមអេហ្ស៊ីប នៅរាត្រីថ្ងៃអង្គារ ទី19 ខែមិថុនា ឆ្នាំ2018។
អ្វីដែលក្រុមជម្រើសជាតិរុស្ស៊ី បារម្ភខ្លាំង គឺការបង្ហាញវត្តមានរបស់កីឡាករ Salah។
កីឡាករខ្សែប្រយុទ្ធរុស្ស៊ី Alexei Miranchuk បាននិយាយថា “ការប្រកួតដែលមានវត្តមានរបស់ Salah វានឹងធ្វើឱ្យទម្រង់លេងរបស់គេ មានការប្រែប្រួលខ្លាំង។ គាត់គឺជាកីឡាករដ៏ល្អលំដាប់ពិភពលោក។ គាត់មានសមត្ថភាពប្រឆាំងនឹងក្រុមរបស់យើង”។
ចំណែកឯលោក Vitaly Mutko អនុរដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅជំរុំហ្វឹកហាត់ថា ការប្រកួតទី2 គឺសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិរុស្ស៊ី។ ប្រសិនបើយើងលេងបានល្អដូចថ្ងៃចាប់ផ្តើម លទ្ធផលប្រហែលជាមិនអាក្រក់ពេកទេ។ ទោះជាយ៉ាងណាក្តី លោកក៏បានសម្តែងក្តីកង្វល់ខ្លះដែរ ចំពោះវត្តមានរបស់ Salah។
កាលពីប្រកួតជុំទីមួយ ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Liverpool មួយនេះមិនបានចូលលេងទេ បើទោះគេជាសះស្បើយ100ភាគរយហើយក៏ដោយ៕
