យោងតាមប្រភពព័ត៌មានពី CNBC ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ប្រារឰឡើងនៅប្រទេសរុស្សី ដែលមាន៣២ក្រុមចូលរួមប្រកួត។ ពានរង្វាន់ពិភពលោកមួយនេះ ត្រូវបានបង្កើតឡើងដោយសិល្បករជនជាតិអ៊ីតាលីម្នាក់ គឺលោក Silvio Gazzaniga។
ពាននេះមានតម្លៃប្រមាណ២០លានដុល្លារ។ ការរចនាធ្វើគំរូដំបូងដោយលោក Gazzaniga ធ្វើឡើងនៅឆ្នាំ១៩៧៤ ផ្តល់ជូនក្រុមដែលទទួលបានជ័យជម្នះរៀងរាល់៤ឆ្នាំម្តង។
ពានមានកម្ពស់១៤,៥អ៊ីង ប្រើមាស១៨ការ៉ាត់ ទម្ងន់១៣,៥ផោន ហើយមានអត្តពលិក២រូប តំណាងត្រដាងដៃទាំង២ឡើងលើ ទ្រពិភពលោក។
ពេលបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ពាននេះនឹងប្រគល់ជូនក្រុមដែលឈ្នះ ដោយចារឈ្មោះប្រទេសនោះនៅពីក្រោម។ ពានបាល់ទាត់ពិភពលោកសិប្បនិមិត្ត រួមជាមួយមេដាយត្រូវបានក្រុមហ៊ុន GDE Bertoni ប្រគល់ជូនសហព័ន្ធបាល់ទាត់ពិភពលោក ដើម្បីផ្តល់ជូនក្រុមណា ដែលក្លាយជាជើងឯកនៅព្រឹត្តការណ៍នេះ ។
បច្ចុប្បន្នប្រទេសប្រេស៊ីល ជាប្រទេសឈ្នះ ពានរង្វាន់នេះច្រើនជាងគេ ពោលគឺគ្រងតំណែងរហូតដល់៥ដង កាលពីឆ្នាំ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង២០០២, ប្រទេសអ៊ីតាលី ឈ្នះ៤ដង កាលពីឆ្នាំ១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦, អាល្លឺម៉ង់ ឈ្នះ៤ដង កាលពីឆ្នាំ១៩៥៤, ១៩៧៤, ១៩៩០, និង២០១៤, អ៊ុយរូយហ្គាយ ឈ្នះ២ដង កាលពីឆ្នាំ១៩៣០, ១៩៥០, អាហ្សង់ទីន ឈ្នះ២ដង កាលពីឆ្នាំ១៩៧៨, ១៩៨៦, អង់គ្លេស ឈ្នះម្តង កាលពីឆ្នាំ១៩៦៦, បារាំង ឈ្នះម្តង កាលពីឆ្នាំ១៩៩៨ និងអេស្ប៉ាញ ឈ្នះម្តង កាលពីឆ្នាំ២០១០៕