តាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹប Wolves ដែលទើបបានឡើងទៅប្រឺមីញេលីករដូវកាលនេះ បានយល់ព្រមចុះហត្ថលេខារយៈពេល៤ឆ្នាំ ទិញកីឡាករចាំទី Rui Patricio ពីក្លឹបបាល់ទាត់ Lisbon។
ទោះជាយ៉ាងណាក្តី នៅក្នុងកុងត្រានោះ គេមិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួននោះទេ។
ក្លឹប Wolves បញ្ចប់រដូវកាលមាន៩៩ពិន្ទុ នាំមុខក្រុមលេខ២, Cardiff ៩ពិន្ទុ មានកៅអីមួយស្វ័យប្រវត្តិឡើងទៅប្រឺមីញេលីក។
កីឡាករវ័យ៣០ឆ្នាំរូបនេះ កំពុងតែបំពេញបេសកម្មជួយក្រុមជម្រើសជាតិព័រទុយហ្គាល់។
Rui Patricio បានក្លាយជាសមាជិកថ្មីទី២ របស់ Wolves សម្រាប់រដូវកាលដោះដូរថ្មីនេះ។ កាលពីសប្តាហ៍មុន ក្លឹប Wolves ទិញបានកីឡាករ Raul Jimenez ពីក្លឹបបាល់ទាត់ព័រទុយហ្គាល់។
កីឡាករ Patricio បង្ហាញវត្តមានឱ្យក្លឹប Lisbon បានចំនួន៤៦០ដង និងការពារមិនឱ្យបាល់ចូលទីបាន១៧៩ប្រកួត ។
កីឡាករចាំទីរូបនេះ គឺជម្រើសទី១ នៅក្នុងក្រុមជម្រើសជាតិ ដែលបានជួយក្រុមព័រទុយហ្គាល់ លើកពានយូរ៉ូ២០១៦ នៅប្រទេសបារាំង៕