ជាការពិត បន្ទាប់ពីបញ្ចប់វគ្គជម្រុះក្នុងពូល H ក្រុមជម្រើសជាតិសេណេហ្គាល់ និងជប៉ុន មាន៤ពិន្ទុស្មើគ្នា ហើយទាំងគ្រាប់បាល់ស៊ុតបញ្ចូលទី និងរបូត គឺមានចំនួនស្មើគ្នាទៀត។ ចុះហេតុអ្វីបានជាក្រុមជប៉ុន មានសំណាងបានឡើង ទៅវគ្គ១៦ក្រុម?
ក្រោយពីសិក្សាគ្រប់ចំណុចទាំងអស់ ដែលបានចែងនៅក្នុងច្បាប់បាល់ទាត់នោះ ក្រុមប្រឹក្សាបាល់ទាត់ពិភពលោក បានសម្រេចឱ្យក្រុមជប៉ុន ឡើងទៅវគ្គ១៦ក្រុម ដោយផ្អែកទៅលើចំនួនកាតលឿង រវាងក្រុមទាំង២។
នៅក្នុងវគ្គជម្រុះក្នុងពូលក្រុមជប៉ុន ទទួលបានកាតលឿងតែ៤ប៉ុណ្ណោះ ខណៈក្រុមមកពីទ្វីបអាហ្វ្រិក សេណេហ្គាល់ ទទួលបានកាតលឿង៦ ច្រើនជាងជប៉ុន។ ចំនួនកាតក្រហម កាតលឿង នោះ ត្រូវបានគេវាយតម្លៃទៅលើវិន័យ និងសីលធម៌។
ប្រកួតជុំចុងក្រោយ ក្រុមជម្រើសជាតិជប៉ុន ស្ទើរតែមិនអាចឆ្លងផុត នៅពេលដែលគេប្រកួតចាញ់ប៉ូឡូញ ១-០ តែសំណាងល្អ ក្រុមសេណេហ្គាល់ ប្រកួតចាញ់កូឡុំប៊ី ដោយលទ្ធផល ១-០ ដែរ។
ជប៉ុន ប្រកួតចប់មុនកូឡុំប៊ី និងសេណេហ្គាល់ ប៉ុន្តែមិនទាន់សប្បាយចិត្តនៅឡើយទេ ដោយរង់ចាំមើលលទ្ធផលកូឡុំប៊ី និងសេណេហ្គាល់ ចប់សិន ទើបគេសប្បាយចិត្ត៕