Monday, June 23, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹកអាហ្សង់ទីន អាចនឹងលាលែងចេញពីតំណែង

គ្រូបង្វឹកអាហ្សង់ទីន អាចនឹងលាលែងចេញពីតំណែង

បន្ទាប់ពីមិនអាចដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ឆ្លងទៅវគ្គ៨ក្រុមបាន លោក Jorge Sampaoli ទំនងជាមិនអាចបន្តអង្គុយកៅអីគ្រូបង្វឹកពពកស អាហ្សង់ទីន បានតទៅទៀតនោះទេ។

ក្រុមអាហ្សង់ទីន ប្រកួតចាញ់មាន់គកបារាំង ដោយលទ្ធផល ៤-៣ នៅវគ្គ១៦ក្រុម  ធ្វើឱ្យក្តីស្រម៉ៃលើកពានបាល់ទាត់ពិភពលោក រលាយដូចអំបិលត្រូវទឹក។

មានប្រភពព័ត៌មានខ្លះថា គ្រូបង្វឹករូបនេះបានលាលែងជាសម្ងាត់រួចហើយ ក្រោយពីជួបប្រជុំជាមួយមន្ត្រីក្រុមប្រឹក្សាដឹកនាំក្រុមជម្រើសជាតិ ខណៈព័ត៌មានខ្លះថា លោកនឹងប្រកាសជាផ្លូវការនៅថ្ងៃនេះ ឬថ្ងៃស្អែក។

លោក Sampaoli បានចូលមកដឹកនាំក្រុមជម្រើសជាតិ កាលពីខែមិថុនា ឆ្នាំ២០១៧ ស្នងតំណែងលោក Edgardo Bauza ដែលបានបណ្តេញចេញក្រោយពីដឹកនាំធ្វើឱ្យក្រុមអាហ្សង់ទីន ស្ទើរតែធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ក្នុងវគ្គជម្រុះ។

ជាមួយគ្នានេះដែរ លោក Sebastian Beccacece ដែលជាជំនួយការគ្រូបង្វឹក ក៏នឹងចាកចេញដែរ៕

RELATED ARTICLES