យោងតាមប្រភពព័ត៌មាន Sky Sport ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធជើងចាស់ហុងដា និងប្រធានក្រុមសាមូរ៉ៃ កីឡាករ Hasebe បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
បន្ទាប់ដឹកនាំកូនក្រុម ពុំបានល្អ ធ្វើឱ្យជប៉ុន ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ ក្រោមថ្វីជើងរបស់បិសាចក្រហម បែលហ្ស៊ិក នៅវគ្គ១៦ក្រុម ។
កីឡាករ ហុងដា វ័យ៣៤ឆ្នាំ បង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិ បាន៩៨ប្រកួត និងស៊ុតបាល់៣៧គ្រាប់ ខណៈប្រធានក្រុម Hasebe មានវ័យ៣៤ឆ្នាំ ស៊ុតបាល់បាន២គ្រាប់ និងបង្ហាញវត្តមាន១០៨ ប្រកួត។
ប្រធានក្រុមវ័យ៣៤ឆ្នាំ Hasebe បានរៀបរាប់នៅលើបណ្តាញសង្គម Instagram ថា “វាជាពេលចុងក្រោយសម្រាប់ខ្ញុំចំពោះការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ។ ហើយខ្ញុំក៏សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែលតែងតែលើកទឹកចិត្តរហូតមក” ។
គួររំលឹកថា ខ្សែបម្រើ Hasebe ដែលបច្ចុប្បន្នលេងនៅក្លឹបអាល្លឺម៉ង់ Frankfurt ត្រូវបានចាត់តាំងជាប្រធានក្រុមសាមូរ៉ៃនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៣ដងមកហើយ ចាប់តាំងពីរដូវកាល ២០១០, ២០១៤ និង២០១៨ នេះ ខណៈជប៉ុន មិនដែលឆ្លងផុតវគ្គ១៦ក្រុម ទាំង៣លើក៕

