តាមប្រភពសារព័ត៌មានថៃ The Nations ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ ២០១៨ បានឱ្យដឹងថា ក្មេងៗដែលជាប់នៅក្នុងរូងភ្នំមួយ ក្នុងប្រទេសថៃ ត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino អញ្ជើញឱ្យចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ លោក Gianni Infantino បានផ្ញើលិខិតទៅប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ដោយអញ្ជើញក្រុមក្មេងៗ និងគ្រូបង្វឹករបស់ពួកគេ ប្រសិនបើពួកគេមានសុខភាពល្អ និងចាកចេញពីរូងភ្នំបានទាន់ពេល ប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក២០១៨។
ខ្លឹមសារលិខិតរបស់ FIFA បានឱ្យដឹងថា ក្នុងនាមជាសហគមន៍បាល់ទាត់អន្តរជាតិ ខ្ញុំសូមសម្តែងនូវសមានចិត្តអាណិតអាសូរ លើកទឹកចិត្ត និងគាំទ្រដល់ក្រុមគ្រួសារកុមារទាំងនោះ ក៏ដូចជាពលរដ្ឋថៃទាំងមូលផងដែរ។
លិខិតនោះបានបន្តទៀតថា ក្នុងរយៈពេល២-៣ថ្ងៃ ខាងមុខនេះ ប្រសិនបើពួកគេមានសុខភាពល្អ អាចវិលត្រឡប់ពីរូងភ្នំទាន់ពេលវេលាជួបជុំគ្រួសារ យើងនឹងអញ្ជើញពួកគេមកប្រទេសរុស្ស៊ី មើលការប្រកួតបាល់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ។
គួររំឮកថា ក្មេងៗ១២នាក់ និងគ្រូបង្វឹកម្នាក់ ត្រូវបានជាប់នៅខាងក្នុងរូងភ្នំ Tham Laung តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ។ ក្រុមអ្នកសង្គ្រោះបន្ទាន់ក្នុងស្រុក និងអន្តរជាតិ កំពុងព្យាយាមជួយសង្គ្រោះពួកគេឱ្យចាកចេញពីរូងភ្នំនោះ ប៉ុន្តែស្ថានភាពស្មុគស្មាញខ្លាំងដោយសារតែទឹកជំនន់៕