រហូតមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិមាន់គកបារាំង ត្រូវបានអ្នកគាំទ្របាល់ទាត់ផ្តល់ទំនុកចិត្តខ្ពស់ជាងគេ ក្នុងការលើកពានបាល់ទាត់ពិភពលោក២០១៨ នៅរុស្ស៊ី។
យោងតាមការស្ទង់មតិរបស់ Daily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៩ កក្កដា ២០១៨ បានឱ្យដឹងថា ក្រុមជម្រើសជាតិមាន់គកបារាំង ទទួលបានសំឡេងគាំទ្រ៥៩ភាគរយ ខ្ពស់ជាងគេ នាំមុខក្រុមជម្រើសជាតិអង់គ្លេស ដែលទទួលបានសំឡេងគាំទ្រ២២ភាគរយ ខណៈបិសាចក្រហមប៊ែលហ្ស៊ិក ឈរលំដាប់លេខ៣ មានសំឡេងគាំទ្រ១៦ភាគរយ។ ដោយឡែក ក្រុមក្រូអាស៊ី មានភាគរយទាបជាងគេបំផុត គឺត្រឹមតែ៣ភាគរយប៉ុណ្ណោះ។
ក្រុមមាន់គកបារាំង ឆ្លងកាត់៥ប្រកួតកន្លងមក អត់ដែលចាញ់សោះ គឺឈ្នះអូស្ត្រាលី ២-១ , ឈ្នះប៉េរូ ១-០ មុននឹងស្មើ ដាណឺម៉ាក ០-០ វគ្គជម្រុះក្នុងពូល។
ចូលមកដល់វគ្គ១៦ក្រុម បារាំង បានបន្តទម្លាក់ក្រុមខ្លាំង អាហ្សង់ទីន ដោយលទ្ធផល ៤-៣ និងបន្តទម្លាក់ក្រុមមេឃខៀវ អ៊ុយរូហ្គាយ ២-០ ថែមទៀត ក្នុងវគ្គ៨ក្រុម។
ជាការពិត គ្រាប់ពូជថ្មីរបស់បារាំង ជាពិសេស កីឡាករវ័យ១៩ឆ្នាំ Mbappe គឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការលើកពានបាល់ទាត់ពិភពលោក ឆ្នាំនេះ៕