កាលពីថ្ងៃចន្ទ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការ ទិញបានកីឡាករខ្សែបម្រើ Arthur ពីក្លឹបបាល់ទាត់ប្រេស៊ីល Gremio ក្នុងតម្លៃ៣១លានយូរ៉ូ ស្មើនឹងជាង៤០លានដុល្លារ បន្ថែមនឹងប្រាក់លើកទឹកចិត្តជាង១០លានដុល្លារ ប្រសិនបើទម្រង់លេងរបស់គេកើនឡើង។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានកុងត្រារយៈពេល៦ឆ្នាំ ពីក្លឹបបាល់ទាត់អ្នកមានបុណ្យ Barcelona។
កីឡាករវ័យ២១ឆ្នាំរូបនេះ នឹងមកដល់ទឹកដី Catalan នៅពេលឆាប់ៗនេះ ហើយអាចនឹងស្នងតំណែងកីឡាករជើងចាស់ Andres Iniesta ដែលបានចាកចេញទៅលេងនៅក្លឹបបាល់ទាត់ជប៉ុន Kobe។
ខ្សែបម្រើ Arthur បានក្លាយជាសមាជិកថ្មីទី១ របស់អ្នកមានបុណ្យ Barcelona សម្រាប់រដូវកាលថ្មីនេះ ខណៈកីឡាករ៣រូបរបស់គេ បានចាកចេញ មានដូចជា កីឡាករ Iniesta ,Paulinho និង Deulofeu។
នៅក្នុងគេហទំព័រផ្លូវការរបស់ក្លឹប Barcelona លោក Ernesto Valverde គ្រូបង្វឹកបានសរសេ ថា “Arthur គឺជាកីឡាករមានទេពកោសល្យ និងបទពិសោធន៍ច្រើននៅលើសមរភូមិវាលស្មៅ។ កីឡាកររូបនេះ មានល្បឿនលឿន និងពូកែគ្រប់គ្រងបាល់ជាប់ជើងបានល្អ”៕