កាលពីថ្ងៃពុធ ទី១០ កក្កដា ឆ្នាំ២០១៨ ក្លឹបបិសាចក្រហម Man Utd បានប្រកាសថា ក្លឹបនឹងអញ្ជើញក្រុមកីឡាករបាល់ទាត់ថៃ Wild Boars ដែលជាប់ក្នុងរូងភ្នំថាំហ្លួង ខេត្តឆៀងរ៉ៃ ទៅទស្សនាការប្រកួតបាល់ទាត់របស់ខ្លួន នេ ពហុកីឡដ្ឋាន Old Trafford។
កាលើកឡើងបែបនេះ បន្ទាប់ពីទទួលដំណឹងថា ក្រុមកីឡាករទាំងនោះត្រូវបានសង្គ្រោះដោយជោគជ័យ។
នេះមិនមែនជាលើកទី១នោះទេ ដែលក្លឹបបាល់ទាត់ Man Utd ធ្លាប់ធ្វើរឿងសប្បុរសធម៌បែបនេះ។ កាលពីឆ្នាំ២០១០ ក្លឹបនេះក៏ធ្លាប់អញ្ជើញកម្មករអណ្តូងរ៉ែស៊ីលី ចំនួន៣៣នាក់ ដែលជាប់នៅក្នុងដីអស់រយៈពេល៦៩ថ្ងៃមក ទស្សនាការប្រកួតរបស់ខ្លួនដែរ។
នៅលើទំនាក់ទំនងបណ្តាញសង្គម ក្លឹបបិសាចក្រហម Man Utd បានសរសេរថា “ក្លឹប Man Utd មានអារម្មណ៍សប្បាយពេលទទួលដំណឹងថា កីឡាករបាល់ទាត់ក្មេងៗ និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ក្នុងល្អាងភ្នំ នៅប្រទេសថៃ មានសុវត្ថិភាពហើយនៅពេលនេះ។ ពួកយើងសូមបួងសួងដល់ភាគីពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងហេតុការណ៍នេះ”។
ក្លឹបជើងឯកអង់គ្លេស ២០សម័យ បានបន្តទៀតថា “យើងសូមអញ្ជើញក្រុមបាល់ទាត់ Wild Boars ក៏ដូចជាក្រុមអ្នកសង្គ្រោះមកកីឡដ្ឋាន Old Trafford នារដូវកាលខាងមុខនេះ”។
សូមបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់ក្មេងៗ និងគ្រូបង្វឹកថៃ ចំនួន១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង អស់រយៈពេល១៨ថ្ងៃ។ ពួកគេទាំង១៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យទាំងស្រុង កាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយបេសកកម្មសង្គ្រោះរយៈពេល៣ថ្ងៃ៕