តាមប្រភពព័ត៌មានពីអ៊ីតាលី បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញកីឡាករខ្សែការពារ Daniele Rugani ពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃជាង៥៣លានដុល្លារ។
ការចង់បានកីឡាករ Rugani របស់ក្លឹប Chelsea គឺជាគំនិតផ្តួចផ្តើមរបស់លោក Maurizio Sarri ដែលអាចនឹងចូលមកស្នងតំណែងគ្រូបង្វឹក លោក Conte នាពេលអនាគត។
កីឡាករវ័យ២៣ឆ្នាំរូបនេះ បានមកលេងឱ្យក្លឹបជើងឯកអ៊ីតាលី តាំងពីអាយុ១៨ឆ្នាំ ប៉ុន្តែ បានចំណាយពេល២រដូវកាលជាមួយក្លឹប Empoli (២០១៣-១៥) ក្នុងលក្ខណៈខ្ចីជើង។
ក្លឹប Chelsea កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ បញ្ហាគ្រូបង្វឹកដោយសារតែលោក Conte បានវិលត្រឡប់ទៅជំរុំហ្វឹកហាត់ ប៉ុន្តែប្រហែលជាមិនបានដឹកនាំទេ សម្រាប់រដូវកាលក្រោយ។
លោកមហាសេដ្ឋី Roman Abramovich កំពុងតែរកវិធីដោះស្រាយ មុនពេលចាប់ផ្តើមរដូវកាលថ្មី។
ក្រុម Chelsea បើកឆាកដំបូងធ្វើដំណើរទៅផ្ទះ Hudderfield មុននឹងបើកទ្វារទទួលភ្ញៀវក្រុម Arsenal៕