តាមប្រភពព័ត៌មានពី The Mirror ចេញផ្សាយកាលពីថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករចាំទី David Ospina ត្រៀមខ្លួនចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ស្របពេលដែលក្លឹបបាល់ទាត់អាហ្សង់ទីន Boca Juniors ចាប់អារម្មណ៍។
ក្លឹប Arsenal បានដាក់តម្លៃខ្លួនកីឡាករចាំទី Ospina ជាង៨លានដុល្លារ។
កីឡាករចាំទីសញ្ជាតិកូឡុំប៊ី រូបនេះ នៅសល់កុងត្រារយៈពេល២ឆ្នាំទៀត ជាមួយក្លឹប Arsenal ប៉ុន្តែវត្តមានសមាជិកថ្មីកីឡាករចាំទី Bernd Leno មកពីក្លឹបបាល់ទាត់អាល្លឺម៉ង់ ធ្វើឱ្យ Ospina ត្រូវខ្ទាតចេញ។ តែកីឡាករចាំទី Petr Cech នៅតែជាជម្រើសដៃទី១ដដែល។
ទាក់ទងទៅនឹងបញ្ហានេះ ភ្នាក់ងាររបស់ Ospina បាននិយាយថា មានក្លឹបជាច្រើនចង់បានកីឡាកររូបនេះ ខណៈសាមីខ្លួនផ្ទាល់ចង់លេងនៅអឺរ៉ុបជាង។
កីឡាករចាំទី Ospina បានចូលមកលេងឱ្យក្លឹប Arsenal តាំងពីឆ្នាំ២០១៤ មកម៉្លេះ ក្រោយផ្លាស់មកពីក្លឹបបាល់ទាត់បារាំង Nice។ នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន២៩ប្រកួត៕