Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិក្រឡាអុកក្រូអាស៊ី បញ្ចប់ក្តីសុបិនចង់ទៅវគ្គផ្តាច់ព្រ័ត្ររបស់អង់គ្លេស

ក្រឡាអុកក្រូអាស៊ី បញ្ចប់ក្តីសុបិនចង់ទៅវគ្គផ្តាច់ព្រ័ត្ររបស់អង់គ្លេស

ទីបំផុត ក្រុមក្រឡាអុកក្រូអាស៊ី បានបញ្ចប់មហិច្ឆតាឡើងទៅវគ្គផ្តាច់ព្រ័ត្រ របស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបរាជ័យដោយលទ្ធផល ២-១ ប្រកួតបន្ថែមម៉ោង១៥នាទី២ដង។

ជ័យជម្នះនេះ បានធ្វើឱ្យក្រុមក្រូអាស៊ី បានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ក្នុងការបង្ហាញវត្តមានបាល់ទាត់ពិភពលោក ៥ដង។

ក្រុមតោកំណាចអង់គ្លេស ធ្លាប់ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ និងលើកពានបាល់ទាត់ពិភពលោកម្តង កាលពីឆ្នាំ១៩៦៦។

នៅក្នុងដំណើរការប្រកួតក្រុមអង់គ្លេស បាននាំមុខក្រុមក្រូអាស៊ី ដោយលទ្ធផល ១-០ តាំងពីនាទីទី៥ ស៊ុតបញ្ចូលទីដោយកីឡាករខ្សែការពារ Trippier របស់មាន់ខ្នាយមាស Tottenham។

ក្រោយពីអង់គ្លេស នាំមុខ ១-០ ក្រូអាស៊ី បានវាយបកលឿនៗ និងមានឱកាសស៊ុតបាល់បញ្ចូលទីច្រើនលើក តែធ្វើមិនសម្រេច ធ្វើឱ្យបញ្ចប់តង់ទី១ អង់គ្លេស រក្សាការនាំមុខ ១-០ ដដែល។

ចូលមកដល់តង់ទី២ ក្រុមក្រូអាស៊ី នៅតែបន្តការវាយលុកដដែល ជាលទ្ធផលនៅនាទីទី៦៨ កីឡាករខ្សែបម្រើ Perisic ស៊ុតបាល់បាន១ គ្រាប់តាមបានស្មើ។ បន្ទាប់ពីតាមបានស្មើក្រុមក្រូអាស៊ី មានកម្លាំងចិត្តថែមទៀត តែមិនអាចរកគ្រាប់បាល់នាំមុខបានទេ ក្នុងរយៈពេល៩០ ធ្វើឱ្យការប្រកួតឈានដល់បន្ថែមម៉ោង១៥នាទី ២ដង។ នៅក្នុងការបន្ថែមម៉ោង ក្រុមក្រូអាស៊ី នៅតែបន្តដាក់សម្ពាធទៅលើអង់គ្លេស ដដែល។ នៅនាទីទី១០៩ ខ្សែបម្រើ Mandžukić បំប៉ោងសំណាញ់ទីបាន១គ្រាប់បន្ថែមទៀត នាំមុខ ២-១ ហើយបានរក្សាលទ្ធផលនេះ រហូតដល់ចាប់ការប្រកួត១២០នាទី។

ក្រុមក្រូអាស៊ី ត្រូវឡើងទៅប៉ះមាន់គក បារាំង វគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ ទី១៥ ខែ កក្កដា ឆ្នាំ២០១៨៕

RELATED ARTICLES