សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមមាន់គកបារាំង និងក្រូអាស៊ី នៅទីក្រុងម៉ូស្គូ នារាត្រីថ្ងៃអាទិត្យនេះ ក្រុមបារាំង បានប្តេជ្ញាចិត្តថា នឹងមិនឱ្យជំងឺខកចិត្តដូចយូរ៉ូ២០១៦ រើឡើងវិញនោះទេ។
យូរ៉ូ២០១៦ ក្រុមមាន់គកបារាំង បានប្រកួតចាញ់ក្រុមព័រទុយហ្គាល់ ដោយលទ្ធផល ១-០ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង ធ្វើឱ្យក្រុមម្ចាស់ផ្ទះយំមិនចេញ ហើយសម្រាប់ឆ្នាំនេះ គេបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រទៀត។
លោក Didier Deschamp គ្រូបង្វឹកក្រុមមាន់គកបារាំង បាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីលើកពានបាល់ទាត់ពិភពលោក លើកទី២ នៅក្នុងប្រវត្តិសាស្ត្ររយៈពេល២០ឆ្នាំចុងក្រោយ។
ចំណែកឯកីឡាករខ្សែបម្រើ Matuidi បាននិយាយថា ទឹកភ្នែកដែលធ្លាប់ស្រក់នៅយូរ៉ូ ២០១៦ បានស្ងួតអស់ទៅហើយ។ បទពិសោធន៍ដ៏ឈឺចាប់កាលពីពេលនោះ បានធ្វើឱ្យយើងត្រៀមខ្លួនបានល្អនៅពេលនេះ។
ទោះជាយ៉ាងណាក្តី ក្រុមបារាំង ក៏ត្រូវប្រឈមមុខជាមួយក្រុមក្រូអាស៊ី ដែលកំពុងស្រេកឃ្លានចង់បានពាននេះដូចគ្នា។
កីឡាករ Luka Modric កំពុងតែបង្ហាញមហិច្ឆតាចង់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីជនរួមជាតិរបស់លោកជាង៤លាននាក់។
ជាមួយគ្នានេះដែរ លោកស្រី Kolinda Grabar-Kitarovic ប្រធានាធិបតីក្រូអាស៊ី កំពុងអន្ទះសារង់ចាំព្រឹត្តការណ៍ដ៏ពិសេស នៅថ្ងៃអាទិត្យនេះ ខណៈប្រធានាធិបតីបារាំង ក៏នឹងមានវត្តមានផងដែរ៕