បន្ទាប់ពីបិទបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ដោយជោគជ័យ កាលពីរាត្រីថ្ងៃអាទិត្យ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក បានថ្លែងថា វាពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះគណៈកម្មការរៀបចំសន្តិសុខការប្រកួត ដែលបានសហការគ្នាល្អ ជួយឱ្យដំណើរការនេះទទួលបានជោគជ័យ។ យើងបានសហការគ្នាគ្រប់ផ្នែកទាំងអស់ ទម្រាំតែបានទទួលជោគជ័យដ៏ត្រចះត្រចង់នេះ អ្នកគាំទ្របរទេស សុទ្ធតែមានពាក់ប័ណ្ណសម្គាល់ខ្លួន ដើម្បីចូលរួមទស្សនាការប្រកួត ហើយផលប្រយោជន៍នៃប័ណ្ណសម្គាល់ខ្លួននេះ គឺអាចទទួលបានទិដ្ឋាកាចូលមកប្រទេសរុស្ស៊ី ដោយមិនចាំបាច់បង់លុយ រហូតដល់ដាច់ឆ្នាំ២០១៨។
លោកពូទីន បានបន្តទៀតថា បើទោះជាចំណងការទូតរវាងទីក្រុងមូស្គូ និងពួកបស្ចិមប្រទេស មានភាពមិនសូវល្អបែបណាក្តី តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំការប្រកួតបាល់ទាត់ពិភពលោកនោះទេ។
ជាមួយគ្នានេះដែរ លោកឌីមីទ្រី នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានសរសេរបង្ហោះនៅលើប្រព័ន្ធអ៊ីនស្តាក្រាម ថា ប្រទេសរុស្ស៊ី បានរៀបចំការប្រកួតបាល់ទាត់ពិភពលោក បានល្អឥតខ្ចោះ ហួសពីការរំពឹងទុក បើទោះជាមុនការប្រកួតចាប់ផ្តើមមានបញ្ហាព្រួយបារម្ភពីសន្តិសុខបែបណាក៏ដោយ។

គួររំឭកថា នៅពេលដែលប្រទេសរុស្ស៊ី ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មានប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភពីការវាយប្រហារភេវរកម្ម ក្នុងអំឡុងពេលប្រកួត ប៉ុន្តែអ្វីៗនៅពេលនោះ មិនបានកើតឡើងដូចការរំពឹងទុករបស់ពួកគេទេ៕